យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ការវិភាគបន្ថែមទៀត គឺចាំបាច់ដើម្បីកំណត់ថាតើការផ្សាយសំឡេងឃោសនារបស់កូរ៉េខាងត្បូង បានប៉ះពាល់ដល់ការរត់ចោលស្រុករបស់ជនជាតិកូរ៉េខាងជើងម្នាក់នាពេលថ្មីៗនេះ ចំពេលមានការរំពឹងទុកថា យុទ្ធនាការប្រឆាំងក្រុងព្យុងយ៉ាង អាចនឹងជំរុញឲ្យបុគ្គលនោះ រត់ភៀសខ្លួនចេញពីកូរ៉េខាងជើង។
កាលពីថ្ងៃព្រហស្បតិ៍ បុគ្គលកូរ៉េខាងជើងម្នាក់ បានឆ្លងកាត់តំបន់អព្យាក្រឹតនៃមាត់ទន្លេ Han ដែលស្ថិតនៅភាគខាងលិចនៃព្រំដែនគោកអន្តរកូរ៉េ ហើយបានមកដល់កោះ Gyodong របស់កូរ៉េខាងត្បូង នៅឯឆ្នេរសមុទ្រភាគខាងលិច ដែលជាអ្នករត់ចោលស្រុកដំបូងរបស់កូរ៉េខាងជើង នៅតាមព្រំដែនតំបន់ តាំងពីខែតុលាឆ្នាំមុន។
ការរត់ចោលស្រុកចុងក្រោយនេះ បានកើតឡើង នៅពេលដែលយោធាកូរ៉េខាងត្បូង បន្តផ្សាយព័ត៌មាន តន្ត្រី K-pop និងការផ្សាយផ្សេងទៀតតាមរយៈឧបករណ៍បំពងសំឡេងនៅជិតព្រំដែន ក្នុងយុទ្ធនាការឃោសនាថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះបាឡុងផ្ទុកសំរាមម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង។
មន្ត្រីម្នាក់នៅអគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា៖«ការស៊ើបអង្កេត គឺចាំបាច់» ដោយកត់សម្គាល់ថា អាជ្ញាធរពាក់ព័ន្ធ កំពុងធ្វើការស៊ើបអង្កេតរួមគ្នា លើបុគ្គលកូរ៉េខាងជើងនេះ។