លោកស្រី Kamala Harris និងលោក Joe Biden នឹងរួមដំណើរធ្វើយុទ្ធនាការជាមួយគ្នាលើកដំបូងរបស់អ្នកទាំង២ គិតចាប់តាំងពីលោកប្រធានាធិបតីអាមេរិក បានបោះបង់ការប្រកួតប្រជែងកៅអីសេតវិមានឆ្នាំ២០២៤ ទល់នឹងលោក Donald Trump ។
លោក Biden នឹងបង្ហាញខ្លួនជាមួយលោកស្រី Harris នៅឯព្រឹត្តិការណ៍ ក្នុងរដ្ឋ Maryland ជិតទីក្រុង Washington នៅថ្ងៃទី១៥ ខែសីហា។ សេតវិមាន នៅថ្ងៃសុក្រ (ទី៩ ខែសីហា) បានប្រាប់ឲ្យដឹងថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានចេញផ្សាយ នាពេលក្រោយ។
អតិផរណា នៅតែជាបញ្ហាប្រឈមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតខែវិច្ឆិកា។ លោកស្រី Harris បានជួយឲ្យគណបក្សប្រជាធិបតេយ្យឡើងប្រជាប្រិយយ៉ាងលឿន ចាប់តាំងពីលោក Biden បានប្រកាសថា លោកកំពុងដើរចេញពីការប្រកួតប្រជែង បន្ទាប់ពីធ្វើមិនបានល្អ ក្នុងការជជែកដេញដោល ទល់នឹងលោក Trump។
អនុប្រធានាធិបតី ដែលជាស្ត្រី មានស្បែកខ្មៅ និងជាជនជាតិអាស៊ីខាងត្បូងដំបូងគេ ក្នុងប្រវត្តិសាស្ត្រអាមេរិក បានធ្វើការជួបជុំគ្នាជាបន្តបន្ទាប់ បង្កើតបានកំណត់ត្រានៃការរៃអង្គាសប្រាក់ និងបំបាត់ការនាំមុខការស្ទង់មតិរបស់អតីតប្រធានាធិបតី លោក Trump ពីគណបក្សសាធារណរដ្ឋ។
លោក Biden មិនទទទួលបានការចាប់អារម្មណ៍នោះឡើយ នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយចំនួន ប៉ុន្តែមានសញ្ញាបង្ហាញថា អ្នកនយោបាយចាស់វស្សារបស់គណបក្សប្រជាធិបតេយ្យមានមហិច្ឆតាលើកតម្កើងកេរដំណែលរបស់លោក ខណៈរូបលោកត្រៀមខ្លួនចាកចេញពីអាជីពជិត ៥ទសវត្សរ៍ នៅក្នុងនយោបាយសហរដ្ឋអាមេរិក៕