គណបក្សប្រឆាំងដែលត្រូវបានរំលាយ គឺគណបក្សបោះជំហានទៅមុខរបស់ប្រទេសថៃ នៅថ្ងៃសុក្រ (ទី៩ ខែសីហា) នេះ បានបង្ហាញពីទិសដៅ និងគណបក្សនយោបាយថ្មីមួយ ដែលនឹងក្លាយជាគណបក្សដ៏ធំបំផុតនៅក្នុងសភា ដោយដាក់ឈ្មោះថា គណបក្សប្រជាជន (People's Party) ហើយសន្យាថា នឹងពន្លឿនគោលនយោបាយជឿនលឿនរបស់អ្នកកាន់តំណែងមុនរបស់គណបក្ស។
គួរបញ្ជាក់ថា គណបក្សប្រឆាំងបោះជំហានទៅមុខ ដែលបានឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតចុងក្រោយរបស់ប្រទេស ប៉ុន្តែត្រូវបានរារាំងមិនឲ្យបង្កើតរដ្ឋាភិបាលនោះ ត្រូវបានតុលាការធម្មនុញ្ញសម្រេចរំលាយ កាលពីថ្ងៃពុធ (ទី៧ ខែសីហា) ដោយលើកឡើងថា ផែនការរបស់គណបក្សនេះ ក្នុងការស្វែងរកឲ្យមានការធ្វើវិសោធនកម្មច្បាប់ដែលការពារព្រះរាជវង្សានុវង្សកុំឲ្យមានការរិះគន់ បានបង្កឱកាសបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
សមាជិកសភាដែលមិនបាត់បង់អាសនៈទាំង ១៤៣រូបរបស់គណបក្សបោះជំហានទៅមុខ បានចូលរួមជាមួយគណបក្សថ្មី ដែលដឹកនាំដោយលោក Natthaphong Ruengpanyawut វ័យ ៣៧ឆ្នាំដែលជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនកម្មវិធីក្លោដ និងដែលបានចូលរួមជាមួយគណបក្សនេះ ក្នុងឆ្នាំ២០១៩។
របៀបវារៈសេរីរបស់គណបក្សបោះជំហានទៅមុខ ទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកបោះឆ្នោតវ័យក្មេង និងទីក្រុង ប៉ុន្តែផែនការរបស់ខ្លួនដែលរួមបញ្ចូលកំណែទម្រង់យោធា និងការរុះរើភាពផ្តាច់មុខផ្នែកអាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗនោះ បង្កឲ្យមានការមិនពេញចិត្តពីក្រុមមានឥទ្ធិពលមួយចំនួន៕