
ក្រុមមន្ត្រីបាននិយាយថា គ្រាប់កាំភ្លើងធំរបស់រុស្សី បានធ្លាក់ចំផ្សារទំនើបមួយ នៅទីក្រុង Kostiantynivka របស់ប្រទេសអ៊ុយក្រែន ក្នុងតំបន់ខ្សែត្រៀមជួរមុខ Donetsk នាថ្ងៃសុក្រ (ទី៩ ខែសីហា) នេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៩នាក់ និងរាប់សិបនាក់រងរបួស។
អភិបាលតំបន់ Donetsk លោក Vadym Filashkin បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា មនុស្ស ៩នាក់បានស្លាប់ និង ២៦នាក់ បានរងរបួស គិតត្រឹមម៉ោង ១១គត់ ម៉ោងសកល។ តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Ihor Klymenko បាននិយាយថា មានអ្នកបាត់បង់ជីវិត ១០នាក់ និងអ្នករងរបួស ៣៥នាក់។

វីដេអូដែលសារព័ត៌មាន Reuters ទទួលបាន បង្ហាញឲ្យឃើញពីសំណុំផ្សែងខ្មៅដែលហុយឡើងយ៉ាងខ្មួលខ្មាញ់ពីអគារដែលត្រូវបានបំផ្លាញ។ ហើយសារព័ត៌មាន Reuters អាចបញ្ជាក់ទីតាំងនោះ តាមរូបរាងអគារ អាជីវកម្មនៅក្បែរនោះ និងស្លាកសញ្ញាពាណិជ្ជកម្មដែលត្រូវគ្នានឹងរូបភាពឯកសារ និងរូបភាពពីផ្កាយរណបនៃតំបន់នោះ។
ចំណែកវីដេអូដែលផ្សព្វផ្សាយដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅលើកម្មវិធីផ្ញើសារ Telegram បានបង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យប្រញាប់ប្រញាល់ទៅកាន់កន្លែងដែលរងការវាយប្រហារនោះ។
គួរបញ្ជាក់ថា កងកម្លាំងរបស់ទីក្រុងមូស្គូកាន់កាប់ដែនដីដ៏ធំនៃតំបន់ Donetsk។ ហើយចំណែកផ្នែកដែលគ្រប់គ្រងដោយអ៊ុយក្រែន ជាញឹកញាប់តែងតែស្ថិតក្រោមការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី៕
