ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានកំពុងរៀបចំការផ្សព្វផ្សាយទាក់ទិនវិស័យអចលនទ្រព្យ និងសំណង់នៅ កម្ពុជា ដើម្បីទាក់ទាញវិនិយោគិន ជាពិសេសវិនិយោគិនបរទេស ឱ្យចាប់អារម្មណវិនិយោគលើវិស័យទាំងនេះ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល បង្កើតការងារ និងប្រាក់ចំណូលក្នុងសេដ្ឋកិច្ចជាតិ។
លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបានបំពេញដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ក្រោមគំនិតផ្តួចផ្តើមរបស់សមាគម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤ នេះថា កម្ពុជាគឺជាដែនដីដែលមានសក្តានុពល និងមានភាពអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគ ជាក់ស្តែងកន្លងមកនេះ សមាគម បានធ្វើដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរប្រវត្តិសាស្រ្តដ៏ស្រស់បំព្រងរបស់កម្ពុជា ក្នុងនោះសមាគមនឹងរៀបចំ ចេញជាកម្រងខ្សែវីដេអូមួយឱ្យមានភាពទាក់ទាញ ក្នុងគោលបំណងផ្សព្វផ្សាយទាក់ទិនវិស័យអចលនទ្រព្យដល់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីឱ្យពួកគេចាប់អារម្មណ៍អំពីឱកាសវិនិយោគនៅកម្ពុជា, ដែលនេះគឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីចូលរួមការងារសង្គម និងសេដ្ឋ កិច្ចជាមួយរាជរដ្ឋាភិបាល។
ចំណែកឧកញ៉ា ចេង ខេង សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងផង ដែរថា ជុំវិញការធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យនេះ និយ័ករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានកសាងច្បាប់ ក៏ដូចជាប្រកាស ផ្សេងៗជាច្រើន ដើម្បីជំរុញឱ្យអ្នករកស៊ីទទួលទានលើផ្នែកនេះ រកស៊ីដោយតម្លាភាព ។ ដូច្នេះសម្រាប់បញ្ហានេះ អ្នកវិនិយោគលើវិស័យ អចលនទ្រព្យ ត្រូវតែអនុវត្តច្បាប់ទាំងអស់គ្នា ដោយសុំអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវ ដើម្បីប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈ និងការ អភិវឌ្ឍយូរអង្វែង នៅលើទឹកដីដ៏សម្បូរបែបមួយនេះ។
ទាក់ទិនវិស័យអចលនទ្រព្យនេះដែរ, លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក ឡើងថា ទីផ្សារអចលនទ្រព្យ សេវាកម្មអចលនទ្រព្យ ក៏ដូចជាការអភិវឌ្ឍអចលនទ្រព្យ គឺត្រូវការទំនុកចិត្តជាចម្បង, មានទំនុកចិត្ត អ្នកវិនិយោគនិងហ៊ានបោះទុនអភិវឌ្ឍបន្ថែម, ចំណែកអ្នកទិញ-លក់ ក៏មានចំណាយទុនដើម្បីវិនិយោគលើវិស័យនេះដែរ ។ បញ្ហានេះ គឺទាមទារឱ្យគោរពច្បាប់ទាំងអស់គ្នា ប្រសិនយើងបង្កើតនូវទំនុកចិត្តលើទីផ្សារ លំហូរវិនិយោគបរទេស នឹងចូលមកកម្ពុជាបន្ថែមទៀត ជាក់ជាមិនខាន។
សូមបញ្ជាក់ថា ជុំវិញវិស័យសំណង់នេះ បើយោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុប មាន ចំនួន ១ ៦៤២ គម្រោង ក្នុងនោះមានគម្រោងលំនៅដ្ឋាន ១ ៣៤៦ គម្រោង (មានបុរីចំនួន ១ ២៩៨ គម្រោង និងខុនដូ ៤៨ គម្រោង), សំណង់ឧស្សាហកម្ម ១១៥ គម្រោង, សំណង់ពាណិជ្ជកម្ម ១០៥ គម្រោង, សំណង់ទេសចរណ៍ ២៦ គម្រោង, សំណង់ សាធារណៈ ៤៩ គម្រោង, និងសំណង់វិនិយោគ ១ គម្រោង៕
អត្ថបទ៖ សុន រ៉ាឌី





