បាតុករសាសនាហិណ្ឌូរាប់រយនាក់ បានចេញធ្វើបាតុកម្មនៅរដ្ឋធានី Dhaka កាលពីថ្ងៃសុក្រ តវ៉ាប្រឆាំងការវាយប្រហារលើទ្រព្យសម្បត្តិរបស់ពួកគេនៅតំបន់ផ្សេងៗគ្នាក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីការដួលរលំរបបលោកស្រី Sheikh Hasina កាលពីសប្តាហ៍មុន។
ទីប្រឹក្សាក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃសុក្រថា ការធ្វើឲ្យប្រសើរឡើងច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសបង់ក្លាដែស គឺជាអាទិភាពសម្រាប់រដ្ឋាភិបាលចាំផ្ទះថ្មី។ បាតុករ បានកាន់បដា និងរូបថតលំនៅឋាន និងវិហារហិណ្ឌូ ដែលត្រូវគេបំផ្លិចបំផ្លាញ។
អ្នកកាន់សាសនាហិណ្ឌូ មានប្រហែល៨% នៃប្រជាជន១៧០លាននាក់របស់ប្រទេសបង់ក្លាដែសដែលភាគច្រើនកាន់សាសនាឥស្លាម ហើយភាគច្រើនជាប្រវត្តិសាស្ត្របានគាំទ្រគណបក្ស Awami League របស់លោកស្រី Hasina។
វីដេអូចាក់ផ្សយតាមទូរទស្សន៍បានបង្ហាញថា ភាពអនាធិបតេយ្យ ការបំផ្លិចបំផ្លាញ ការចូលលួច និងការវាយប្រហារលើជនជាតិភាគតិច និងទីសក្ការៈរបស់ពួកគេ បានគ្របដណ្តប់លើប្រទេសបង់ក្លាដែស ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។