ចក្រភពអង់គ្លេសកំពុងរក្សានគរបាលជំនាញរាប់ពាន់នាក់ឱ្យនៅបំពេញកាតព្វកិច្ច ក្នុងករណីមានកុបកម្មរើសអើងពូជសាសន៍នៅចុងសប្តាហ៍នេះ ហើយរដ្ឋាភិបាល បាននិយាយថា ខ្លួនកំពុងពិចារណារឹតបន្តឹងបទប្បញ្ញត្តិ ជុំវិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីភាពវឹកវរជាច្រើនថ្ងៃដែលជំរុញដោយព័ត៌មានមិនពិត តាមបណ្តាញអ៊ីនធឺណិត។
នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយថា ចំនួននគរបាលបន្ថែម និងយុត្តិធម៌បន្ទាន់ បានរារាំងមនុស្ស ដែលលោកហៅថាជា «ឧក្រិដ្ឋជនស្តាំនិយមជ្រុល» ចាប់តាំងពីថ្ងៃពុធ ទី៧ សីហា ប៉ុន្តែបាននិយាយថា អាជ្ញាធរនឹងរក្សាការប្រុងប្រៀបខ្ពស់ សម្រាប់បញ្ហាបន្ថែមទៀត។
ការវាយប្រហាររើសអើងជាតិសាសន៍ និងភាពគ្មានសណ្តាប់ធ្នាប់ ភាគច្រើន បានផ្តោតទៅលើជនមូស្លីម និងជនអន្តោប្រវេសន៍។
សណ្ឋាគារជាច្រើនកន្លែង ដែលមានអ្នកស្វែងរកសិទ្ធិជ្រកកោនស្នាក់នៅ ត្រូវបានវាយកម្ទេចបង្អួច ហើយវិហារអ៊ីស្លាម ត្រូវបានគប់ដោយដុំថ្ម។
លោក Starmer បាននិយាយថា អ្នកដែលពាក់ព័ន្ធក្នុងកុបកម្ម អាចរំពឹងថានឹងត្រូវបាននាំមកឈរនៅចំពោះមុខតុលាការ និងបាននិយាយថា ជាអ្វីដែលលោកហៅថាជា «ការកាត់ទោសដ៏សំខាន់» ដែលត្រូវបានប្រគល់ឲ្យរួចហើយ។ លោក បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលទីបញ្ជាការនគរបាលក្នុងទីក្រុងឡុងដ៍ថា នោះគឺជាផ្នែកមួយដ៏សំខាន់ នៃសារទៅកាន់អ្នកទាំងឡាយណា ដែលគិតចង់ចូលរួមក្នុងការបង្កភាពគ្មានសណ្តាប់ធ្នាប់បន្ថែមទៀត។
វាមិនច្បាស់នោះទេថា តើការប្រមូលផ្តុំរបស់ក្រុមស្ដាំនិយមជ្រុលប៉ុន្មានក្រុម ត្រូវបានគ្រោងទុក ឬថាតើពួកគេនឹងបន្តឬយ៉ាងណា។ យោងតាមក្រុមក្រោកឈរប្រឆំាងការរើសអើងជាតិសាសន៍បានឲ្យដឹងថា
មានបាតុកម្មប្រឆាំងប្រហែល៤០ក្រុម នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍នេះ។
ក្រុមប្រឹក្សារបស់ស្នងការនគរបាលជាតិ បាននិយាយថា មន្ត្រីដែលត្រូវបានបណ្តុះបណ្តាលសណ្តាប់ធ្នាប់សាធារណៈចំនួន ៦.០០០នាក់ នឹងនៅបន្តបំពេញកាតព្វកិច្ច នៅចុងសប្តាហ៍នេះ។