ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសុក្រ ទី៩ ខែសីហាថា កងទ័ពជើងទឹករបស់ខ្លួន មានមីស៊ីលតម្រង់គោលដៅថ្មី បំពាក់ដោយក្បាលគ្រាប់ផ្ទុះដ៌មានឥទ្ធិពល ដែលពុំអាចប្រទះឃើញបាន។
សេចក្តីប្រកាសធ្វើឡើងដោយអង្គការសន្តិសុខដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស ស្របពេលគ្នាជាមួយ ការព្រួយបារម្ភពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងពេញទំហឹង បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការធ្វើឃាតទៅលើលោក Ismail Haniyeh មេដឹកនាំក្រុមហាម៉ាសអ៊ីស្លាមប៉ាឡេស្ទីន នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា។
អ៊ីរ៉ង់ បានដាក់កំហុសលើអ៊ីស្រាអែល ខណៈអ៊ីស្រាអែល ពុំបានបញ្ជាក់ ឬបដិសេធ ការជាប់ពាក់ព័ន្ធឡើយ។
កងទ័ពជើងទឹករបស់ឆ្មាំអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រភេទប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ និងមធ្យម ផ្សេងៗគ្នាជាច្រើន ព្រមទាំងយានដ្រូនឈ្លបយកការណ៍ និងរ៉ាដាកងទ័ពជើងទឹក ត្រូវបានដាក់បន្ថែម ទៅក្នុងកងនាវារបស់ខ្លួន។
ទូរទស្សន៍រដ្ឋ បានបង្ហាញអាវុធមួយចំនួន កាលពីថ្ងៃសុក្រ ទី៩ ខែសីហា។ កងទ័ពជើងទឹក បាននិយាយបន្ថែមថា មានតែប្រព័ន្ធសព្វាវុធចំនួន២១០ ក្នុងចំណោមប្រព័ន្ធ២.៦៥៤ ប៉ុណ្ណោះ ដែលត្រូវបានដាក់បង្ហាញ ដោយសារពុំអាចបង្ហាញពីប្រព័ន្ធយុទ្ធសាស្ត្រផ្សេងទៀត សម្រាប់ហេតុផលសុវត្ថិភាព។
ប្រទេសអ៊ីរ៉ង់ មានកម្មវិធីមីស៊ីលធំបំផុតមួយនៅតំបន់មជ្ឈិមបូព៌ា ទាក់ទងនឹងអាវុធបែបនេះ ជាការរារាំងដ៏សំខាន់ និងជាកម្លាំងសងសឹកប្រឆាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងករណីសង្គ្រាម។ យោងតាមការិយាល័យ នាយកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា អ៊ីរ៉ង់ មានអាវុធមីស៊ីលបាលីស្ទីកច្រើនបំផុត នៅក្នុងតំបន់។