ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយកាលពីថ្ងៃសៅរ៍ (ទី១០ ខែសីហា)នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាតំបន់លិចទឹក នៅជិតព្រំដែនរបស់ប្រទេសនេះ ជាមួយប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីរៀបចំផែនការ ក្នុងការជួយអ្នករងគ្រោះ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នាពេលថ្មីៗនេះ រួមទាំងនាំមនុស្សប្រហែល ១៥.៤០០នាក់ ទៅកាន់រដ្ឋធានីរបស់ប្រទេសនេះ រហូតដល់ផ្ទះថ្មី ត្រូវបានសាងសង់រួច។
រូបថតដែលចេញផ្សាយដោយ KCNA ដែលសារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ បាន បង្ហាញថា លោក គីម បានពិនិត្យមើលជម្រកបណ្តោះអាសន្ន និងជួបអ្នកស្រុក កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែសីហា) និងថ្ងៃសុក្រ (ទី៩ ខែសីហា)។ កូរ៉េខាងជើង បាននិយាយកាលពីសប្តាហ៍មុនថា ផ្ទះរាប់ពាន់ខ្នងនៅក្នុងទីក្រុង Sinuiju និង តំបន់ Uiju នៃខេត្ត Pyongan ភាគខាងជើង ត្រូវបានជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំង។
កាលពីចុងខែកក្កដា លោក គីម បានចុះទៅមើលតំបន់លិចទឹក និងបានត្រួតពិនិត្យការងារជួយសង្គ្រោះ ដែលយោធាបានរៀបចំយន្តហោះប្រហែល ១០គ្រឿង ហើយយន្តហោះនីមួយៗ បានធ្វើដំណើរប្រហែល ២០ជើង ដើម្បីជួយសង្រ្គោះមនុស្សចំនួន ៤.២០០ នាក់ក្នុងរយៈពេលប្រហែលកន្លះថ្ងៃ បន្ទាប់ពីតំបន់នេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះត្រូពិច Gaemi។
សារព័ត៌មាន KCNA បាននិយាយថា លោក គីម ជុងអ៊ុន បានរៀបចំផែនការផ្តល់ជំនួយរដ្ឋសម្រាប់មនុស្សចាស់ ទាហាន កុមារ និងម្តាយនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់ប្រទេសនេះ រហូតដល់ផ្ទះថ្មីរបស់ពួកគេត្រូវបានសាងសង់ ដោយបន្ថែមមនុស្សប្រហែល ១៥.៤០០នាក់ អាចត្រូវបាននាំយកទៅកាន់ទីក្រុង ព្យុងយ៉ាង។