ភ្នំពេញ៖ ឯកឧត្ដមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា បានក្រើនរម្លឹកទៅកាន់អាណាព្យាបាល និងសិស្សានុសិស្សឱ្យជំរុញ និងខិតខំសិក្សារៀនសូត្របានពូកែ ដើម្បីបានក្លាយជាទំពាំងស្នងឫស្សីនៃសង្គមជាតិ។
ការជំរុញរំលឹកដាស់តឿនរបស់ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន ទៅកាន់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សឲ្យខិតខំសិក្សារៀនសូត្រ បានពូកែនិងក្លាយជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ខណ:អញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី១ខ្នង ដែលបំពាក់ដោយសម្ភារៈបរិក្ខារតុ កៅអី ក្តារខៀន នៅភូមិអណ្ដូងស្វាយ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ កញ្ញានេះ។
ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា ក្មួយៗជាសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់រៀនសូត្រទាំងនៅសាលារៀននិងនៅផ្ទះ ដោយចៀសឆ្ងាយពីអំពើអបាយមុខ គ្រឿងញៀន ការដើរលេងច្រើន បងធំ បងតូចល្បែងស៊ីសងគ្រប់ប្រភេទ ពោល គឺត្រូវខិតខំ សិក្សារៀនសូត្រ ឲ្យបានក្លាយជាសិស្សពូកែ ជាសិស្សល្អ មិត្តល្អ និងជាកូនល្អ។
ឯកឧត្ដម បានបញ្ជាក់ថា គោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ គឺបាននិងកំពុងបន្តការ រុញច្រានសាលារៀនឲ្យបាននៅកៀកនឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដូច្នេះក្មួយៗ ជាសិស្សានុសិស្សកុំបណ្ដែតបណ្ដោយខ្លួនឲ្យឱកាសដ៏ល្អនេះកន្លងផុត គឺត្រូវខិតខំសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតដល់អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា។
ថ្នាក់ដឹកនាំឥស្លាមក្នុងខេត្តពោធិ៍ សាត់ក៏ដូចជាថ្នាក់ដឹកនាំឥស្លាមរួមនឹងមាតា បិតា អាណាព្យាបាលសិស្សានុសិស្សក្នុងមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងអង្គការសប្បុរសធម៌ ឌូបៃ តាមរយៈឯកឧត្តមវេជ្ជបណ្ឌិត និងសហការី ដែលបានយកចិត្តទុកដាក់ជួយក្នុងការកសាងអគារសិក្សាថ្មី១ ខ្នងដើម្បីជួយសម្រួលដល់ការលំបាកខ្វះខាតនូវអគារសិក្សា របស់សិស្សានុសិស្ស នៅទីជនបទនេះ៕ អត្ថបទ៖ សុទ្ធ
