អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវតម្រូវការបន្ទាន់ ដើម្បីឈានដល់បទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា ដែលនឹងធានាបាននូវការដោះលែងចំណាប់ថ្នូរ អនុញ្ញាតឲ្យមានការកើនឡើងនៃជំនួយមនុស្សធម៌ និងបង្កើតលក្ខខណ្ឌសម្រាប់ស្ថិរភាព ក្នុងតំបន់កាន់តែទូលំទូលាយ។
លោក ប៊ីលនខិន ក៏បាន "ពិភាក្សាពីរបៀបដែលការកើនឡើងភាពតានតឹង គឺមិនមែនជាផលប្រយោជន៍របស់ភាគីណាមួយ»។ នេះបើយោងតាមអ្នកនាំពាក្យ។
កាលពីយប់ថ្ងៃទី ៩ ខែសីហា មេដឹកនាំនៃប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស បន្តកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សានៅថ្ងៃទី ១៥ ខែសីហា នៅទីក្រុងដូហា ឬទីក្រុងគែរ។ អ្នកសម្រុះសម្រួល ក៏បានផ្តល់សញ្ញាអំពីការត្រៀមខ្លួនរបស់ពួកគេ ដើម្បីបង្ហាញសេចក្តីព្រាងកិច្ចព្រមព្រៀងចុងក្រោយដែលផ្អែកលើគោលការណ៍ដែលបានដាក់ចេញដោយប្រធានាធិបតីសហរដ្ឋអាមេរិក និងគាំទ្រដោយសេចក្តីសម្រេចលេខ ២៧៣៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
មួយម៉ោងបន្ទាប់ពីការចេញផ្សាយសេចក្តីថ្លែងការណ៍ អ៊ីស្រាអែល បានសម្តែងការត្រៀមខ្លួនក្នុងការបញ្ជូនគណៈប្រតិភូមួយក្រុម ដើម្បីចូលរួមក្នុងកិច្ចចរចាបែបនេះ។ ក្រុមហាម៉ាស មិនទាន់បានប្រកាសជាផ្លូវការថាតើខ្លួននឹងចូលរួមឬយ៉ាងណានោះទេ។