ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថា នឹងនាំយកជនរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ទៅកាន់រដ្ឋធានីព្យុងយ៉ាង ដើម្បីថែរក្សាពួកគេ ដោយគ្មានជំនួយពីខាងក្រៅ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើដំណើររយៈពេលពីរថ្ងៃនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទៅកាន់តំបន់ Uiju ក្នុងខេត្ត North Pyongan ភាគពាយ័ព្យ ដើម្បីជួបជនរងគ្រោះដោយទឹកជំនន់ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន និងផ្តល់ការគាំទ្រដល់ពួកគេ។
លោក បានប្រកាស «ប្រព័ន្ធសង្គ្រោះបន្ទាន់» ដើម្បីនាំយកកុមារ ចាស់ជរា ទាហានពិការ និងម្តាយនៅក្នុងខេត្ត North Pyongan, Jagang និង Ryanggang ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីផ្តល់ការគាំទ្រក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខ រហូតដល់ការកសាង និងជួសជុលផ្ទះរបស់ពួកគេ ត្រូវបានបញ្ចប់។ មនុស្សប្រហែល ១៥.៤០០នាក់ អាចត្រូវបាននាំយកទៅរដ្ឋធានី។
លោក គីម ជុងអ៊ុន ត្រូវបានដកស្រង់សម្តីដោយនិយាយថា៖«ការថែទាំកុមារ ការបណ្តុះបណ្តាល និងការអប់រំ គឺជាកិច្ចការរដ្ឋចម្បងដែលមិនត្រូវបោះបង់ចោលក្នុងស្ថានភាពអាសន្នណាមួយឡើយ» ។
នេះ គឺជាដំណើរចុះត្រួតពិនិត្យលើកទី២ របស់លោក គីម ជុងអ៊ុន ទៅកាន់តំបន់ដែលរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីការធ្វើដំណើររបស់លោក កាលពីសប្តាហ៍មុន។