ស៊ីហ្គេម៖ កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងត្រៀមរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ គ្រោងរៀបចំពិធីប្រគល់-ទទួលនាចុងសប្ដាហ៍នេះហើយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពង់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមន្ដ្រីជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាការបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។

មន្ដ្រីជាន់ខ្ពស់ដដែលបញ្ជាក់ថា ពិធីប្រគល់-ទទួលសមិទ្ធផលដ៏មហាសាលនេះនឹងធ្វើឡើង អំឡុងពេលឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ថ្ងៃនៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ ដូច្នេះទន្ទឹមជាមួយដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ និងទទួលកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននៅល្ងាចថ្ងៃទី១២ ខែកញ្ញាខាងមុខ បន្ទាប់ពីសំណង់ប្រវត្តិសាស្ដ្រនេះបានសាងសង់រួចរាល់ ១០០% កាលពីខែសីហាកន្លងទៅ។

គួរដឹងថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ បានបើកការដ្ឋានសាងសង់ផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដោយសាងសង់លើផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាពហុកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗរហូតដល់កម្រិតពិភពលោក ពិសេសនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា