អ្នកចរចាជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងរៀបចំការចរចាលើកទី៦របស់ពួកគេនៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីកំណត់ចំណែកនៃការចំណាយរបស់ទីក្រុងសេអ៊ូលសម្រាប់ការឈរជើងរបស់កងកម្លាំងសហរដ្ឋអាមេរិក ដែលមានកម្លាំង ២៨.៥០០នាក់នៅកូរ៉េខាងត្បូង (USFK)។
លោកស្រី Linda Specht អ្នកចរចាសំខាន់របស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងសន្តិសុខនៅក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍ស្តីពីផែនការរៀបចំការចរចា នៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ។ គណៈប្រតិភូកូរ៉េខាងត្បូង ដឹកនាំដោយលោក Lee Tae-woo អ្នកការទូតជាន់ខ្ពស់មកពីក្រសួងការបរទេសនៃទីក្រុងសេអ៊ូល។
ភាគីទាំងពីរ បានចាប់ផ្តើមការចរចាកាលពីខែមេសា ដែលទំនងជាលឿនជាងធម្មតា ចំពេលមានការរំពឹងទុកថា ប្រសិនបើអតីតប្រធានាធិបតី Donald Trump ត្រឡប់ទៅកាន់តំណែងសេតវិមានវិញ លោកអាចអំពាវនាវឲ្យមានការកើនឡើងនូវចំណែកនៃការចំណាយរបស់ទីក្រុងសេអ៊ូលសម្រាប់ការថែរក្សា USFK តាមរបៀបមួយដែល អាចបណ្តាលឲ្យមានភាពតានតឹង នៅក្នុងសម្ព័ន្ធភាពនេះ។
ចាប់តាំងពីឆ្នាំ ១៩៩១ មក ទីក្រុងសេអ៊ូល បានចែករំលែកការចំណាយមួយផ្នែកសម្រាប់កងកម្លាំង USFK ការសាងសង់មូលដ្ឋានយោធា ដូចជាបន្ទាយ ក៏ដូចជាកន្លែងបណ្តុះបណ្តាល ការអប់រំ ប្រតិបត្តិការ និងទំនាក់ទំនង និងការគាំទ្រផ្នែកភ័ស្តុភារផ្សេងទៀត។