ភ្នំពេញ ÷ ប្រជាពលរដ្ឋមានជំងឺភ្នែក មកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណ ៣០០ នាក់ មកពិនិត្យ និងព្យាបាលឥតគិតថ្លៃ ពីក្រុមគ្រូ ពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ អញ្ជើញ ចុះសាកសួរសុខទុក្ខស្ថានភាពអ្នកជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នេះជាថ្ងៃទី១ នៃការបើកការព្យាបាល និងវះកាត់ជូន ប្រជាពលរដ្ឋ ចំនួន ៣០០ នាក់ មកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រោមការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្ត របស់ធនាគារជាតិ នៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ Australian Health Humanitarian Aid, មូលនិធិចក្ខុខ្មែរ Khmer Sight Foundation, មូលនិធិរក្សាកុមារ Raksa Koma Foundation, និងការរួមពីក្រុមបុគ្គលិករបស់ ធនាគារឯកជនជាដៃគូផងដែរ។
ទាក់ទិនការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទាំង ៣០០ នាក់នេះ បានធ្វើឡើងនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត ដោយមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៤។ នៅក្នុងសកម្មភាពពិនិត្យ និងព្យា បាលនេះដែរ ត្រូវបានលោកជំទាវបណ្ឌិត ជា សិរី ចុះពិនិត្យ តាមដានដោយយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុត ព្រមទាំងជួយឧបត្ថម្ភ គាំទ្រសម្រាប់ការស្នាក់នៅ រហូតដល់ពេលវិលត្រឡប់ទៅវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៨ និងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកជំទាវបណ្ឌិត ជា សិរី បានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់មូលនិធិចក្ខុខ្មែរ ចុះពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយនាពេលនោះ មានប្រជាពលរដ្ឋចូលរួមប្រមាណជាង ១ ៤០០ នាក់ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនប្រមាណ ៣០០ នាក់ តម្រូវឱ្យមកពិនិត្យ ព្យាបាល និងវះកាត់បន្តនៅទីក្រុងភ្នំពេញ ។ ចំណែកក្នុងថ្ងៃដ៏ដែលនេះដែរ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញ ចុះពិនិត្យការព្យាបាលមាត់ធ្មេញ ជូនប្រជាពលរដ្ឋ និងកុមារនៅមន្ទីរពេទ្យទន្តសាស្ត្រ ពុទ្ធិសាស្រ្តផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី










