អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ និងបទឈប់បាញ់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនតំបន់ហ្កាហ្សា បានសម្លាប់ជនស៊ីវិលជាង ១០០នាក់ ។
អំឡុងយុទ្ធនាការនៅទីក្រុង Phoenix រដ្ឋ Arizona ពេលសួរពីការវាយប្រហារនៅទីក្រុងហ្កាហ្សា លោកស្រី Harris និយាយថា ជនស៊ីវិលច្រើននាក់ខ្លាំងណាស់ ត្រូវបានសម្លាប់ម្តងទៀត ។
ការវាយប្រហាររបស់អ៊ីស្រាអែល នាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីបណ្តារដ្ឋអារ៉ាប់ ទួរគី បារាំង អង់គ្លេស និងសហភាពអឺរ៉ុប ជាមួយនឹងក្តីបារម្ភខ្លាំងពីសហរដ្ឋអាមេរិកដែលកំពុងធ្វើការជាមួយដៃគូ ដើម្បីការពារជម្លោះរយៈពេល ១០ខែនៅតំបន់ហ្កាហ្សា ពីការឡើងកម្តៅខ្លាំងក្លាយជាសង្រ្គាមក្នុងតំបន់ ។
អ៊ីស្រាអែល បានវាយប្រហារតំបន់ហ្កាហ្សា ក្រោយក្រុមជីវពលហាម៉ាស់ វាយឆ្មក់តំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនប៉ាឡេស្ទីនជិត ៤ម៉ឺននាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។
ក្រុមមន្រ្តីសុខភាពហ្កាហ្សា និយាយថា ភាគច្រើននៃអ្នកស្លាប់គឺជាជនស៊ីវិល ប៉ុន្តែអ៊ីស្រាអែល និយាយថា ១ភាគ៣នៃអ្នកស្លាប់ គឺជាក្រុមជីវពល ។ អ៊ីស្រាអែល និយាយថា ខ្លួនបានបាត់បង់ទាហាន ៣២៩នាក់ នៅក្នុងសង្រ្គាមហ្កាហ្សា ៕