កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ទទួលស្គាល់ជាលើកដំបូងថា កងកម្លាំងអ៊ុយក្រែន កំពុងធ្វើសង្រ្គាមនៅតំបន់ Kursk របស់រុស្ស៊ី ហើយលោកនិយាយថា ប្រតិបត្តិការសឹកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ទីក្រុងគីវ ដើម្បីស្តាយុត្តិធម៌ឡើងវិញ ក្រោយការវាយលុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ ។
រុស្ស៊ី និយាយថា កងកម្លាំងអ៊ុយក្រែន បានរុលចូលតំបន់ Kursk កាលពីថ្ងៃអង្គារហើយក្រុមរាយការណ៍សង្រ្គាមរុស្ស៊ី ទទួលស្គាល់ថា ទាហានអ៊ុយក្រែន បានរុលចូលពិតមែន ប៉ុន្តែស្ថានភាពមានស្ថិរភាពវិញហើយ ចាប់តាំងពីពេលនោះមក ។
កាលពីមុន លោក Zelenskiy ពុំបាននិយាយអ្វីនោះទេ ពាក់ព័ន្ធនឹងប្រតិបត្តិការសឹកមួយនេះ ។
នៅក្នុងសុន្ទរកថាពេលយប់របស់គាត់ លោក Zelenskiy និយាយថា លោកបានពិភាក្សាប្រតិបត្តិការសឹកមួយនេះ ជាមួយមេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែនលោក Oleksandr Syrskyi ហើយក៏មិនភ្លេចទាហានដែលប្រឈមការលំបាកនៅខ្សែត្រៀមមុខភាគខាងកើតនោះដែរ ។
លោកថា នៅថ្ងៃនេះ លោកទទួលបានរបាយការណ៍ជាច្រើនពីលោកមេបញ្ជាការ Syrskyi ពាក់ព័ន្ធនឹងខ្សែត្រៀមមុខ ហើយនិងសកម្មភាពរបស់ពួកយើង ដើម្បីជំរុញសង្រ្គាមនៅលើទឹកដីប្រទេសឈ្លានពាន ។
លោកបន្តទៀតថា លោកមានការដឹងគុណចំពោះរាល់អង្គភាពទាំងអស់នៃកម្លំាងការពារ សម្រាប់ការធានាថា អ៊ុយក្រែនបង្ហាញថា ពួកគេពិតជាអាចស្តាយុត្តិធម៌ឡើងវិញបាន ហើយនិងធានាដល់សំពាធចាំបាច់លើជនឈ្លានពាន ៕