ក្រុមបាតុករប្រឆំាងការប្រកាន់ជាតិសាសន៍រាប់ម៉ឺននាក់ នាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅទីក្រុង Hull, Edinburgh និងទីក្រុងឡុងដ្រ៍ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រោយកុបកម្មជាតិសាសន៍មានគោលដៅលើជនមូស្លីម និងជនអន្តោប្រវេសន៍ បានផ្ទុះឡើងនៅទូទាំងប្រទេសអង់គ្លេស ។
កុបកម្មបានផ្ទុះឡើង ក្រោយការបង្ហោះសារតាមអនឡាញផ្តល់អត្តសញ្ញាណខុសថា ឃាតករសង្ស័យដែលបានសម្លាប់ក្មេងស្រី ៣នាក់ អំឡុងការវាយប្រហារដោយកាំបិតកាលពីថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុង Southport ស្ថិតនៅភាគពាយ័ព្យប្រទេសអង់គ្លេស គឺជាជនអន្តោប្រវេសន៍អ៊ីស្លាម ។
នៅថ្ងៃទី ៤នៃបាតុកម្មនេះ ក្រុមបាតុករប្រឆាំងការប្រកាន់ជាតិសាសន៍ មានចំនួនច្រើនលើសលប់ឆ្ងាយជាងក្រុមបាតុករប្រឆាំងជនអន្តោប្រវេសន៍ នៅតាមទីតាំងជាច្រើនកន្លែង ។
លោក Jay Williams គឺជាអ្នកស្ម័គ្រចិត្តម្នាក់មកពីក្រុមប្រឆាំងជាតិសាសន៍ដែលធ្វើបាតុកម្មនៅទីក្រុង Hull និយាយថា អ្នកដែលមានភាពក្លាហានចេញមក ពួកយើងនឹងតតាំងជាមួយអ្នក ខ្ញុំគិតថា វាពិសេសខ្លាំងណាស់ ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះ មនុស្សជាង ៤៨០នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមនុស្សជិត ១៥០នាក់ រងការចោទប្រកាន់ ។ ចំណែកឯមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានដាក់ពន្ធនាគារ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត គ្រោងនឹងត្រូវកាត់ទោស ៕