បាត់ដំបង ៖ដោយបានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលក្រុងបាត់ដំបង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានបន្តប្រតិបត្តិការដកហូតថ្នាំញៀនបន្ថែមទៀតសរុបទាំងអស់ចំនួន១៥ ៩៦៥គ្រាប់ ស្មើនឹងទម្ងន់១៥៧១,៦៩ក្រាម។
សូមបញ្ជាក់កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត៕









