ស្ទឹងត្រែង ៖កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើការប្រដេញស្ទាក់ចាប់រថយន្តសាំងយ៉ុង មួយគ្រឿង ដោយសង្ស័យថា ដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់ ចេញពីតំបន់ព្រំប្រទល់កម្ពុជា-ឡាវ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៧ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
តាមការបញ្ជាក់ពីកម្លាំងអាវុធហត្ថបានឲ្យដឹងថា ក្រោយស្ទាក់ចាប់បានរថយន្តសាំងយ៉ុង ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ 2Q-5043កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេររថយន្តរកឃើញក្នុងរថយន្ដមានផ្ទុកជនជាតិចិនចំនួន ១៧នាក់ (ស្រី ១នាក់)ដោយ មិនមានដឹកទំនិញនោះទេ។
សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា រថយន្តនោះ ពិតជាបានដឹកជញ្ជូនជនជាតិចិន ១៧នាក់នោះ ចេញពីចំណុចណាអូង តាមច្រកល្បៀងព្រំដែនកម្ពុជា-ឡាវ ហើយជនជាតិចិនទាំងអស់នោះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមច្បាប់។ រហូតមកទល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ជនជាតិចិនទាំង ១៧នាក់ កំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងការិយាល័យជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅឡើយ៕



