ភ្នំពេញ៖នាព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្វៃ អាទិត្យ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានស្របតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយក្រុមយុវជន នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បាននាំយកកូនឈើចំនួន ៧០ ដើម ប្រគេន ព្រះសង្ឃនៅវត្តមហាមន្រ្តី ក្នុងការចូលរួមចំណែកការដាំកូនឈើនឹងជាវប្បមធ៌ចែករំលែកស្តារ និងពង្រីកប្រព័ន្ធអេកួឡូស៊ី នៅកម្ពុជា ពិសេសការដាំដើមឈើនៅតាមទីវត្តអារាម សាលារៀនជាដើម។
ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា កូនឈើដែលប្រគេនព្រះសង្ឃនៅថ្ងៃនេះ គឺជាការមើលឃើញពីការចូលរួមចំណែករបស់ព្រះសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនា ក្នុងការចូលរួមថែរក្សាធនធានធម្មជាតិនៅកម្ពុជា ខណៈដែលការដាំដើមឈើនេះ គឺមានប្រយោជន៍ណាស់ទៅដល់សង្គមជាតិ និងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ និងជីវចម្រុះគ្រប់ប្រភេទ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃគម្ពុជា បានយកចិត្តទុកដាក់ខ្លាំងទៅលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននេះ។ ឯកឧត្តមបន្តថា តាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបាននបង្កើតនូវយុទ្ធសាស្រ្ដចក្រា វិស័យបរិស្ថាន ដែលផ្ដោតទៅលើមុំ៣ សំខាន់ គឺស្អាត បៃតង និងចីរភាព។ ដូច្នេះភាពស្អាតនេះ គឺសំដៅដល់ការជំរុញប្រជាពលរដ្ឋនូវទូទាំងប្រទេសឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតស្អាត តាមរយៈការប្រមូលទុកដាក់សំរាមឱ្យបានល្អ ជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
ឯកឧត្តមបន្តថា៖«កន្លងមកនេះ តាមរយៈយុទ្ធនាការជាច្រើនដែលក្រសួងបរិស្ថានបានដាក់ចេញ ប្រជាពលរដ្ឋ ជាពិសេសព្រះសង្ឃនូវទូទាំងប្រទេសបានចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋាន វត្តអារាម ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាដើម»។
ក្នុងឱកាសនោះ ព្រះតេជគុណ ឈឿន ភន់ ព្រះចៅអធិការវត្តមហាមន្រ្តី មានសង្ឃដីកា អំពីការអប់រំ និងបរិស្ថាន តាមបែបព្រះពុទ្ធសាសនា ជាពិសេសព្រះអង្គបានអំពាវនាវពុទ្ធបរិស័ទជិតឆ្ងាយនាំគ្នាដាំ និងការពារ ថែរក្សា ព្រៃឈើ សម្រាប់កូនចៅបច្ចុប្បន្ន និងជំនាន់ក្រោយ។
ព្រះអង្គមានសង្ឃដីកាថា «ការដាំដើមឈើឈ្មោះថា ធ្វើសេនាសនៈទាន» រុក្ខជាតិទាំងឡាយដែលដុះហើយលើផែនដី ធំក្តី តូចក្តី ជារុក្ខជាតិដុះឯងឬមានមនុស្សដាំ គឺជាជម្រកយ៉ាងត្រជាក់សម្រាប់មនុស្ស និងសត្វ ដូចជាដាំដើមឈើដែលនៅតាមព្រៃភ្នំជាជម្រករបស់សត្វព្រៃទាំងឡាយដូចជា ដំរី រមាំង ប្រើស ក្តាន់ ជាដើម និងសត្វបក្សាបក្សី ជាច្រើនទៀត ដែលបានរស់នៅតាមព្រៃឈើទាំងឡាយនោះ ។
ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សជាគ្រហស្ថ ឬបព្វជិត។ ដើមឈើណានៅតាមដងផ្លូវ គឺជាទីពឹងរបស់អ្នកធ្វើដំណើរទាំងឡាយ គឺអ្នកដំណើរទាំងនោះតែងចូលទៅជ្រកសម្រាកកាយ បរិភោគអាហារប្រកបដោយសេចក្តីរីករាយក្រោមម្លប់ឈើនោះ។
បើដើមឈើណាដែលព្រះសង្ឃ ឬពុទ្ធបរិស័ទបានដាំនៅក្នុងទីអារាម គឺដើមឈើនោះមានប្រយោជន៍សម្រាប់ព្រះសង្ឃផង ពុទ្ធបរិស័ទផងបានជ្រកក្រោមម្លប់ញ៉ាំងឲ្យកម្លាំងកាយកើតឡើង ហើយបានបំពេញបុណ្យកុសលផ្សេងៗ នៅខាងក្រោមម្លប់ឈើទាំងនោះ។
ព្រះអង្គបន្តថា ម៉្យាងទៀតរុក្ខជាតិខ្លះ ដែលបានដាំបណ្តុះអាចនឹងមានផ្កាមានផ្លែនិងស្លឹកជាអាហាររបស់មនុស្សសត្វទាំងឡាយ ដូចជា ដើមត្នោត ដើមដូង ដើមស្វាយ ដើមអង្គាដី ជាដើម រុក្ខជាតិទាំងនោះមានប្រយោជន៍គឺជាទីជម្រកដ៏ត្រជាក់ របស់មនុស្សសត្វទាំងឡាយ និងជាអាហាររបស់មនុស្សសត្វទាំងឡាយ។ ដូច្នេះបើបុគ្គលឯណាបានដាំដើមឈើតាមដងវិថីក្តី តាមទីរមណីយដ្ឋានក្តី តាមទីសាធារណៈក្តី និងក្នុងវត្តអារាមក្តី គឺរមែងបានប្រយោជន៏ពីរយ៉ាង គឺប្រយោជន៍សម្រាប់ខ្លួនឯងមួយ និងសម្រាប់អ្នកដទៃមួយ៕





