អ៊ីស្រាអែល៖ កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់បែកផ្សែងទៅលើក្រុមអ្នកតវ៉ាប៉ាឡេស្ទីន ដែលបានប្រមូលផ្តុំគ្នានៅច្រកទ្វារដាម៉ាស់នៅទីក្រុងចាស់ Jerusalem កាលពីយប់ថ្ងៃពុធដើម្បីគាំទ្រដល់អ្នកទោសប៉ាឡេស្ទីន ៦នាក់ដែលបានរត់គេចខ្លួនចេញពីពន្ធនាគារ Gilboa កាលពីថ្ងៃចន្ទ។

ការរត់គេចខ្លួនគឺជាការហែកពន្ធនាគារដ៏ធំបំផុតរបស់អ៊ីស្រាអែល ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បុរសទាំង ៦នាក់ដែលបានរត់គេចខ្លួនមានអាយុចន្លោះពី ២៦ ទៅ ៤៩ឆ្នាំ ទំនងជាជីករូងក្រោមដីចេញពីពន្ធនាគារ Gilboa ក្បែរតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែលហើយបានរត់គេចខ្លួនកាលពីព្រឹកថ្ងៃចន្ទ។ បុគ្គលិកសន្តិសុខរបស់អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា កំពុងស៊ើបអង្កេតថា តើអ្នកទោសទាំងនោះមានជំនួយពីមនុស្សនៅខាងក្នុងពន្ធនាគារ ក៏ដូចជានៅខាងក្រៅដែរ ឬយ៉ាងណា។ ការតាមប្រមាញ់ដ៏ធំនៅភាគខាងជើងប្រទេសអ៊ីស្រាអែល និងតំបន់ West Bank បានបន្តកាលពីថ្ងៃពុធ ខណៈដែលរដ្ឋាភិបាលចម្រុះថ្មីព្យាយាមរក្សាភាពស្ងប់ស្ងាត់ ហើយជនជាតិជ្វីហ្វបានប្រារព្ធពិធីរ៉ូសហាសាណា (Rosh Hashana) ជាពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិជ្វីហ្វ។
Zakaria Zubeidi អាយុ ៤៦ឆ្នាំដែលត្រូវបានគេស្គាល់ថា ជាអ្នករត់គេចខ្លួនម្នាក់ក្នុងចំណោមអ្នកទោស ៦នាក់ដែលជាមេដឹកនាំលេចធ្លោម្នាក់នៅក្នុងកងពលតូចអាល់-អាកសាទុក្ករបុគ្គល (Al-Aqsa Martyrs Brigade) ដែលជាក្រុមប្រដាប់អាវុធមានសម្ព័ន្ធភាពជាមួយក្រុមសកម្មប្រយុទ្ធហ្វាតា ក្នុងកំឡុងពេលលើកទីពីរពីឆ្នាំ២០០០ ដល់២០០៥ ក្រោយមកលោកត្រូវបានផ្តល់ការលើកលែងទោស រួមជាមួយពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមហ្វាតា ប៉ុន្តែត្រូវបានចាប់ខ្លួនម្តងទៀតនៅឆ្នាំ២០១៩ ជាអ្វីដែលអាជ្ញាធរអ៊ីស្រាអែលនិយាយថា ជាការសង្ស័យភេរវកម្មថ្មី៕
អត្ថបទ៖ សុខមាន