ក្រុមសង្គ្រោះបន្ទាន់របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ (១០ សីហា) បានរកឃើញសាកសពជនរងគ្រោះទាំង ៦២នាក់នៅលើយន្តហោះ ដែលបានធ្លាក់នៅក្នុងទីក្រុង វីញេដូ (Vinhedo) ក្បែរទីក្រុង សៅប៉ូឡូ (Sao Paulo) មួយថ្ងៃមុននោះ ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។
សាកសពជនរងគ្រោះភាគច្រើន ដែលមានប្រុស ៣៤នាក់ និងស្រី ២៨នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងដាក់សពរបស់នគរបាល Sao Paulo រួចហើយដើម្បីកំណត់អត្តសញ្ញាណ។ លោក ដារីអូ ប៉ាឆេកូ (Dario Pacheco) អភិបាលក្រុង Vinhedo បាននិយាយថា សាកសពរបស់អ្នកបើកយន្តហោះទីមួយ (ពីឡុត) និងអ្នកបើកយន្តហោះទីពីរ (សហពីឡុត) ត្រូវបានគេកំណត់អត្តសញ្ញាណ។
ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ វ៉ូប៉ាស (Voepass) ដែលប្រតិបត្តិការយន្តហោះនេះបាននិយាយថា មនុស្ស ៤នាក់ដែលមានសញ្ជាតិពីរគឺស្ថិតក្នុងចំណោមជនរងគ្រោះ ហើយមានជនជាតិវ៉េណេស៊ុយអេឡា ៣នាក់ និងស្ត្រីជនជាតិព័រទុយហ្គាល់ម្នាក់។ សារព័ត៌មានក្នុងស្រុក គ្លូបូញូវស៍ (Globo News) បានរាយការណ៍ថា ជនជាតិវ៉េណេស៊ុយអេឡាទាំងនោះរួមមានក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ម្តាយ និងជីដូនរបស់គេ។
កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Voepass បាននិយាយថា យន្តហោះនេះបានដឹកអ្នកដំណើរ ៥៧នាក់ និងបុគ្គលិក ៤នាក់ ប៉ុន្តែកាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនបានបញ្ជាក់ថា មានអ្នកដំណើរម្នាក់ទៀតដែលមិនទាន់ត្រូវបានរកឃើញ ក៏បាននៅលើជើងហោះហើរនេះដែរ ដោយធ្វើឱ្យអ្នកស្លាប់ទាំងអស់មានចំនួន ៦២នាក់៕