យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក របស់លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃសៅរ៍ (១០ សីហា) ថា បណ្ដាញទំនាក់ទំនងផ្ទៃក្នុងរបស់ខ្លួនមួយចំនួនត្រូវបានលួចចូល (hack) និងស្តីបន្ទោសរដ្ឋាភិបាលអ៊ីរ៉ង់ ដោយលើកឡើងពីអរិភាពកន្លងមករវាងលោក Trump និងអ៊ីរ៉ង់ ប៉ុន្តែមិនបានផ្តល់ភស្តុតាងជាក់លាក់នោះទេ។
ការលើកឡើងរបស់យុទ្ធនាការបក្សសាធារណរដ្ឋនេះបានកើតឡើងភ្លាមៗបន្ទាប់ពីគេហទំព័រព័ត៌មាន ផូលីធីខូ (Politico) បានរាយការណ៍ថា ខ្លួនចាប់ផ្តើមទទួលបានសារអេឡិចត្រូនិក (អ៊ីមែល) នៅក្នុងខែកក្កដា ពីប្រភពអនាមិក ដែលផ្តល់ឯកសារពិតជាក់លាក់ពីប្រតិបត្តិការខាងក្នុងនៃការបោះឆ្នោតរបស់លោក Trump រួមទាំងរបាយការណ៍ពី «ចំណុចខ្សោយ» របស់បេក្ខភាពអនុប្រធានាធិបតី លោក ជែឌី វែនស៍ (JD Vance) ផងដែរ។
អ្នកនាំពាក្យយុទ្ធនាការលោក Trump គឺលោក ស្ទេវិន ជឹង (Steven Cheung) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឯកសារទាំងនេះទទួលបានដោយខុសច្បាប់ពីប្រភពបរទេសដែលមានអរិភាពចំពោះអាមេរិក ដែលមានបំណងជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ២០២៤ និងបង្កភាពចលាចលពេញមួយដំណើរការបោះឆ្នោតរបស់បក្ស»។
កាលពីល្ងាចថ្ងៃសៅរ៍ លោក Trump បានបង្ហោះនៅលើបណ្ដាញសង្គម ទ្រូសសូសល (Truth Social) របស់លោកថា ក្រុមហ៊ុនម៉ៃក្រូសហ្វ (Microsoft) ទើបតែបានជូនដំណឹងដល់យុទ្ធនាការលោកថា អ៊ីរ៉ង់បានលួចចូលគេហទំព័រមួយរបស់ខ្លួន។ លោកបានស្តីបន្ទោសលើអ៊ីរ៉ង់ និងបន្ថែមថាពួកគេ «អាចទទួលបានត្រឹមតែព័ត៌មានទូទៅប៉ុណ្ណោះ» ដោយមិនបានបញ្ជាក់លម្អិតនោះទេ។
បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បាននិយាយតាមអ៊ីមែលថា «រដ្ឋាភិបាលអ៊ីរ៉ង់ មិនមានគំនិត ហើយក៏មិនដែលមានចេតនា ឬការជម្រុញណាមួយ ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឡើយ»៕