ឯកឧត្តមកត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យស្ថានភាពខូចខាតដំណាំស្រូវ របស់ប្រជាកសិករ នៅស្រុក ជ័យសែន ខេត្តព្រះវិហារ ។ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
ឯកឧត្តម គន់ គីម បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតដំណាំស្រូវជាង ១២០ ហិកតា ដែលមិនអាចសង្គ្រោះបាននៅក្នុងឃុំពុទ្រា ស្រុកជ័យសែន នៅពេលនេះ ហើយបានជំរុញ ដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំស្រុក ត្រូវចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពពីផលប៉ះពាល់ ការខូចខាតស្រែចម្ការរបស់ប្រជាពលរដ្ឋបន្តទៀត ដើម្បីធ្វើរបាយការណ៍ស្នើសុំផ្ដល់ស្បៀងសង្គ្រោះ និងគ្រាប់ពូជសម្រាប់ស្ដារវិស័យកសិកម្មឡើងវិញ។
ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលកន្លងមកបានអនុវត្តន៍ ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាផ្សេងៗបណ្តាលមកពីគ្រោះទឹកជំនន់។
ជាមួយនេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរ និងជំនាញ ពិសេសខាងកសិកម្មត្រូវយក ចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់នៅពេលខាងមុខ និងពិនិត្យលទ្ធភាព ផ្លាស់ប្តូរប្រភេទដំណាំនៅតំបន់ដែលមិនអាចធ្វើស្រូវបាន។បន្ថែមពីនេះ អាជ្ញាធរឃុំ ស្រុក ត្រូវលៃលក ថវិកា ប្រចាំឆ្នាំសម្រាប់ការឆ្លើយតប និងការជួសជុលស្តារឡើងវិញក្នុងមូលដ្ឋាន៕








