ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំអ៊ិស្លាមទាំងអស់ បន្តធ្វើកំណែទម្រង់វិស័យអប់រំបន្តទៀត ពិនិត្យឡើងវិញនូវកម្មវិធីសិក្សា សៀវភៅសិក្សា ដោយបញ្ចូលនូវមុខវិជ្ជាសំខាន់ៗ រួមទាំងភាសាបរទេសបច្ចេកវិទ្យា ក៏ដូចជាវិធីសាស្ត្របង្រៀនថ្មីៗ ធ្វើទំនើបកម្មគ្រឹះស្ថានសិក្សា និងចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជននិងកីឡា ដើម្បីក្លាយជាសាលារៀនអ៊ិស្លាមគំរូ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជំរុញបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «វេទិកាយុវជន-បញ្ញវន្តមុស្លឹម២១ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីក្រសួងអប់រំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវេទិកា និងក្រុមការងារពាក់ព័ន្ធ ដែលបានផ្តួចផ្តើមគំនិតរៀបចំវេទិកា «យុវជនបញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤» នេះឡើង។ ឯកឧត្តមជឿជាក់ថា វេទិកានេះនឹងជួយជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មីសហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា បំណិនសតវត្សរ៍ទី២១ នេះគឺសំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារដែលយុវជនកម្ពុជាត្រូវមាន។ បំណិនសតវត្សទី២១ គឺជាជំនាញដែលជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស និងយុវជន ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចកវិទ្យាទំនើបនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៊ិស្លាមកម្ពុជា និងថ្នាក់ដឹកនាំអ៊ិស្លាមពាក់ព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន សម្រាប់គាំទ្រដំណើរការវិស័យអប់រំអ៊ិស្លាមនៅកម្ពុជាប្រកបដោយភាពរីកចម្រើន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកគុណភាពអប់រំទាំងបរិមាណ និងគុណភាពនៅក្នុងសហគមន៍អ៊ិស្លាមកម្ពុជាផងដែរ។
ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណះកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤នេះ បញ្ជាក់ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងបទពិសោធ និង ព័ត៌មានពីគ្នាទៅវិញទៅមក កាត់បន្ថយគម្លាត បង្កើនភាតរភាព អភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សរ៍ទី២១ ដល់យុវជន-បញ្ញវន្ត ជាពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល ក៏ដូចជាផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសិក្សាស្វែងយល់នូវជំនាញ និងបទពិសោធល្អៗពីវាគ្មិនកិត្តិយស និងជាឱកាសជួបជុំរឹតចំណងសាមគ្គី ភាពរវាងយុវជន-បញ្ញវន្តមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ព្រមទាំងថ្នាក់ដឹកនាំអ៊ិស្លាមនានា និងអាចតម្រង់ទិស នៃការសិក្សារបស់ខ្លួនឱ្យចំទិសដៅ ស្របតាមតម្រូវការទីផ្សារការងារ និងសង្គមជាតិផងដែរ៕ អត្ថបទ៖ ភារម្យ











