ហ្វីលីពីន និងចិន បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃសៅរ៍ (១០ សីហា) បន្ទាប់ពីការប៉ះទង្គិចគ្នារវាងយន្តហោះរបស់ភាគីទាំងពីរនៅលើដែនអាកាសនៃតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង។ យោធាហ្វីលីពីន បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «សកម្មភាពដ៏គ្រោះថ្នាក់ និងបង្កហេតុ» ដោយកម្លាំងទ័ពអាកាសរបស់ប្រទេសចិន ខណៈកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា ខ្លួនបានធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងផ្លូវច្បាប់។
នេះជាលើកដំបូងហើយដែលហ្វីលីពីន បានត្អូញត្អែរពីសកម្មភាពដ៏គ្រោះថ្នាក់របស់យន្តហោះចិន ដូចដែលខ្លួនធ្លាប់បានធ្វើលើនាវាកងទ័ពជើងទឹក ឬនាវាឆ្មាំល្បាតឆ្នេររបស់ចិន ចាប់តាំងពីលោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ចូលកាន់តំណែងក្នុងឆ្នាំ២០២២មក។
យោធាហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់កងទ័ពអាកាសចិនពីរគ្រឿងបានធ្វើសកម្មភាពដ៏គ្រោះថ្នាក់ និងបានទម្លាក់ឧបករណ៍ផ្សែងផ្ដល់សញ្ញា នៅក្នុងផ្លូវរបស់យន្តហោះកងកម្លាំងអាកាសហ្វីលីពីន ដែលធ្វើការល្បាតតាមទម្លាប់នៅលើដែនទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (០៨ សីហា)។
បញ្ជាការភាគខាងត្បូងនៃកងទ័ពចិន បានលើកឡើងជុំវិញឧប្បត្តិហេតុនោះកាលពីថ្ងៃសៅរ៍ថា យន្តហោះហ្វីលីពីន ធ្វើការឈ្លានពានដោយខុសច្បាប់ចូលទៅក្នុងដែនអាកាសនៃកោះ ហ័ងយ៉ាន (Huangyan) ដែលរំខានដល់សកម្មភាពហ្វឹកហាត់ ទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីប្រទេសចិនក៏ដោយ៕