ក្រុមប្រឹក្សាស្នងការនគរបាលជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃសៅរ៍ (១០ សីហា) ថា មនុស្សចំនួន ៧៧៩នាក់ ត្រូវបានចាប់ខ្លួនជុំវិញកុបកម្មនៅចក្រភពអង់គ្លេស ដែលក្នុងនោះមនុស្ស ៣៤៩នាក់ត្រូវបានចោទប្រកាន់។
ចាប់តាំងពីការវាយប្រហារដោយកាំបិតកាលពីចុងខែកក្កដា នៅទីក្រុង សៅផត (Southport) ភាគពាយព្យនៃដែនដីអង់គ្លេស ដែលបានបណ្តាលឱ្យកុមារបីនាក់ស្លាប់មក ការតវ៉ាស្តាំនិយមជ្រុលបានអង្រួនចក្រភពអង់គ្លេស ដែលបណ្តាលឱ្យមន្រ្តីនគរបាលរងរបួស ចោរកម្មតាមហាងលក់ទំនិញ និងសណ្ឋាគារដែលដាក់អ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានកុបករសម្រុកចូល។
អាជ្ញាធរជឿជាក់ថា ចំណុចរបត់នៃភាពចលាចលនេះបានលេចឡើងចាប់តាំងពីថ្ងៃពុធ (០៨ សីហា) មកដោយសារវត្តមាននគរបាលដ៏ច្រើននៅក្នុងទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេស ក៏ដូចជាការកាត់ទោសយ៉ាងរហ័សរបស់តុលាការចំពោះក្រុមកុបកម្ម។
ដោយសារការចាប់ផ្តើមនៃរដូវកាលបាល់ទាត់ថ្មី និងសីតុណ្ហភាពកើនឡើង នគរបាលចក្រភពអង់គ្លេសបាននិងកំពុងត្រៀមទប់ទល់កុបកម្មថ្មីដែលអាចធ្វើឡើងនៅចុងសប្តាហ៍នេះ ប៉ុន្តែកាលពីថ្ងៃសៅរ៍ (១០ សីហា) បានក្លាយជាថ្ងៃដ៏សន្តិភាពមួយផ្សេងទៀត លើកលែងតែការតវ៉ាពីពួកស្តាំនិយមជ្រុលដាច់ដោយឡែកមួយចំនួនតូចប៉ុណ្ណោះ។
មនុស្សប្រហែល ៣០នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារដោយសារការជាប់ពាក់ព័ន្ធក្នុងអំពើហិង្សា ឬញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍តាមអ៊ីនធឺណិត ហើយរហូតមកដល់ពេលនេះមានការកាត់ទោសរយៈពេលវែងបំផុតគឺ ៣ឆ្នាំ។ ចំនួនអ្នកត្រូវកាត់ទោស ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈរដ្ឋាភិបាល ប្តេជ្ញាថានឹងចាប់អ្នកដែលបំពានច្បាប់ឱ្យមកទទួលខុសត្រូវ៕