សាក្សីជាច្រើនបាននិយាយថា ការវាយប្រហារដោយយានដ្រូនលើជនជាតិរ៉ូហ៊ីងយ៉ា ដែលកំពុងភៀសខ្លួនចេញពីសហភាពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់សិបនាក់ រួមទាំងក្រុមគ្រួសារដែលមានកូនតូចផងដែរ ខណៈអ្នកនៅរស់រានមានជីវិតប្រញាប់ប្រញាល់ស្វែងរកក្នុងគំនរសាកសពដើម្បីកំណត់អត្តសញ្ញាណសាច់ញាតិដែលស្លាប់ និងរបួស។
សាក្សីបួននាក់ សកម្មជន និងអ្នកការទូតម្នាក់ បានប្រាប់ពីការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃចន្ទ (០៥ សីហា) ដែលបានធ្លាក់ត្រូវលើក្រុមគ្រួសារដែលកំពុងរង់ចាំឆ្លងព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែសជិតខាង។ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ និងកូនស្រីអាយុ ២ឆ្នាំរបស់នាង ស្ថិតក្នុងចំណោមជនរងគ្រោះក្នុងហេតុការណ៍នោះ ដែលជាការវាយប្រហារមួយលើកដ៏បង្ហូរឈាមបំផុតលើជនស៊ីវិលក្នុងរដ្ឋរ៉ាឃីន (Rakhine) ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍នៃការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាម។
សាក្សីបីនាក់បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសុក្រ (០៩ សីហា) ថា កងទ័ពអារ៉ាកាន ជាអ្នកធ្វើការវាយប្រហារនោះ ប៉ុន្តែក្រុមនេះបានបដិសេធ។ កងជីវពលអារ៉ាកាន និងយោធាមីយ៉ាន់ម៉ា បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះហេតុការណ៍នេះ។ អ្នកនៅរស់រានមានជីវិតចំនួន ៣នាក់បាននិយាយថា មនុស្សជាង ២០០នាក់បានស្លាប់ ខណៈសាក្សីក្នុងហេតុការណ៍បាននិយាយថា ខ្លួនបានឃើញសាកសពយ៉ាងហោចណាស់ ៧០នាក់។
ជនជាតិរ៉ូហ៊ីងយ៉ា ត្រូវបានធ្វើទុក្ខបុកម្នេញជាយូរមកហើយនៅមីយ៉ាន់ម៉ា ដែលប្រជាជនភាគច្រើនកាន់ពុទ្ធសាសនា។ ជនជាតិរ៉ូហ៊ីងយ៉ា បាននាំគ្នាចាកចេញពីរដ្ឋរ៉ាឃីន អស់ជាច្រើនសប្តាហ៍ ខណៈកងទ័ពអារ៉ាកាន ដែលកំពុងប្រយុទ្ធជាមួយរបបសឹក មានប្រៀបខ្លាំងនៅតំបន់ភាគខាងជើង ដែលជាជម្រករបស់ប្រជាជនមូស្លីមយ៉ាងច្រើន៕