អ៊ីស្រាអែល បានពង្រីកបទបញ្ជាជម្លៀសនៅទីក្រុង ខាន់យូនីស (Khan Younis) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ពេញមួយយប់ឈានចូលថ្ងៃអាទិត្យ (១១ សីហា) នេះដោយបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ និងក្រុមគ្រួសារជម្លៀសចេញទាំងងងឹត ខណៈដែលការផ្ទុះពីការបាញ់ផ្លោងរថក្រោះបានកើតឡើងនៅជុំវិញទីតាំងដែលអ្នកស្រុកជ្រកកោន បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមលើសាលារៀនមួយ។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងវាយប្រហារលើពួកសកម្មប្រយុទ្ធពីក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សាមុនសង្គ្រាម ហើយកំពុងប្រើប្រាស់តំបន់ទាំងនោះដើម្បីធ្វើការវាយប្រហារ និងបាញ់គ្រាប់រ៉ូកែត។ កាលពីថ្ងៃសៅរ៍ (១០ សីហា) ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយកន្លែង ដែលជនភៀសខ្លួនប៉ាឡេស្ទីន ស្នាក់នៅក្នុងទីក្រុងហ្កាហ្សា បានសម្លាប់មនុស្សជាង ១០០នាក់ ដែលបង្កឱ្យមានការតវ៉ាជាអន្តរជាតិ។
នៅក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា ការណែនាំអំពីការជម្លៀសបានគ្របដណ្តប់តំបន់ជាច្រើននៅភាគកណ្តាល ខាងកើត និងខាងលិច ដែលធ្វើឱ្យនោះក្លាយជាបញ្ជាជម្លៀសដ៏ធំបំផុតមួយនៅក្នុងជម្លោះរយៈពេល ១០ខែ ពីរថ្ងៃបន្ទាប់ពីរថក្រោះបានត្រឡប់ទៅភាគខាងកើតនៃទីក្រុងនេះវិញ។
ការប្រកាសនេះត្រូវបានបង្ហោះនៅលើ X និងជាអក្សរ និងសារជាសំឡេងទៅកាន់ទូរស័ព្ទរបស់អ្នកស្រុកនៅតំបន់ហ្កាហ្សា។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅយោធារបស់ក្រុមហាម៉ាសចំនួន ៣០កន្លែងក្នុងរយៈពេល ២៤ម៉ោងមុននោះ រួមទាំងរចនាសម្ព័ន្ធយោធា ទីតាំងបាញ់មីស៊ីលប្រឆាំងរថក្រោះ និងកន្លែងផ្ទុកអាវុធជាដើម៕