ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ (១០ សីហា) បានចាប់ផ្តើម «ប្រតិបត្តិការប្រឆាំងភេរវកម្ម» នៅក្នុងតំបន់ព្រំដែនចំនួនបី ដែលជាប់នឹងអ៊ុយក្រែន ដើម្បីបញ្ឈប់ការវាយរុញកាន់តែជ្រៅរបស់ទីក្រុងគីវ ទៅក្នុងប្រទេសរុស្ស៊ី ហើយបានព្រមានថាការប្រយុទ្ធគ្នានេះនឹងមានគ្រោះថ្នាក់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ។
អង្គភាពអ៊ុយក្រែន បានវាយលុកឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ ឃើស្ក៍ (Kursk) ភាគខាងលិចរុស្ស៊ី នៅព្រឹកថ្ងៃទី០៦ សីហា នៅក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយ ដែលជាការវាយលុកឆ្លងព្រំដែនដ៏ធំបំផុត និងជោគជ័យបំផុតដោយទីក្រុងគីវ ក្នុងជម្លោះរយៈពេលជាង ២ឆ្នាំមកនេះ។
កងទ័ពអ៊ុយក្រែន បានវាយរុលជាច្រើនគីឡូម៉ែត្រ ហើយកងទ័ពរុស្ស៊ី បានប្រញាប់ប្រញាល់បន្ថែមទាហាន និងគ្រឿងយុទ្ធោបករណ៍ រួមទាំងក្បួនរថយន្ត រថក្រោះ គ្រាប់រ៉ូកែត និងអង្គភាពទ័ពអាកាស ខណៈភាគីទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិតច្បាស់លាស់អំពីទំហំកងកម្លាំង ដែលពួកគេបានប្រើនោះទេ។
ទីភ្នាក់ងារនុយក្លេអ៊ែរ រ៉ូសាថូម (Rosatom) របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ដដែលនេះ បានព្រមានថាការវាយប្រហាររបស់អ៊ុយក្រែន បានបង្ក «ការគំរាមកំហែងដោយផ្ទាល់» ដល់ស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Kursk ដែលនៅជិតនោះ។ មនុស្សជាង ៧៦.០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ជាប់ព្រំដែនអ៊ុយក្រែន ក្នុងតំបន់ Kursk របស់រុស្ស៊ី។
នៅក្រោមច្បាប់របស់រុស្ស៊ី កងកម្លាំងសន្តិសុខ និងយោធាត្រូវបានផ្តល់អំណាចសង្គ្រោះបន្ទាន់ ក្នុងអំឡុងពេលប្រតិបត្តិការ «ប្រឆាំងភេរវកម្ម»។ គណៈកម្មាធិការប្រឆាំងអំពើភេរវកម្មរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបង្កើន «ការប៉ុនប៉ងដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើឱ្យមានភាពអស្ថិរភាពនៅក្នុងតំបន់មួយចំនួនរបស់រុស្ស៊ី»៕