តុលាការកំពូលរបស់ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ (១០ សីហា) បាននិយាយថា ខ្លួនមិនបានទទួលភស្តុតាងពីក្រុមចម្រុះបក្សប្រឆាំងនៅក្នុងការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស់កាលពីថ្ងៃទី២៨ ខែកក្កដា ក្នុងការបញ្ជាក់ពីជ័យជម្នះរបស់ខ្លួនទេ ហើយបានព្រមានថា ការសម្រេចរបស់តុលាការក្នុងការកំណត់អ្នកឈ្នះ នឹងត្រូវបញ្ចប់។
អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលក្រុមប្រឆាំងអះអាងថាស្មោះត្រង់នឹងលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានប្រកាសថា មេដឹកនាំរូបនេះបានឈ្នះឆ្នោតម្ដងទៀត ខណៈបក្សប្រឆាំងជំទាស់នឹងរឿងនេះ ហើយថាបេក្ខជនរបស់ខ្លួន គឺលោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) ជាអ្នកឈ្នះ។
អាជ្ញាធររៀបចំការបោះឆ្នោត មិនបានចេញផ្សាយតួលេខសន្លឹកឆ្នោតលម្អិតទេ ហើយគេហទំព័ររបស់ខ្លួនមិនបានដំណើរការចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា មក។ គណបក្សប្រឆាំង បានបង្ហោះតួលេខសន្លឹកឆ្នោតរបស់ខ្លួនតាមអ៊ីនធឺណិត ដែលបង្ហាញថាលោក Gonzalez ទទួលបានសំឡេងគាំទ្រពីរដងលើសលោក Maduro ។
លោក Maduro បានបង្ហាញខ្លួននៅតុលាការកំពូលកាលពីសប្តាហ៍មុន ដើម្បីផ្ទៀងផ្ទាត់លទ្ធផលឆ្នោត ដែលនាំឱ្យតុលាការកោះហៅបេក្ខជនទាំងអស់ដែលបានឈរឈ្មោះ។ លោក Gonzalez មិនបានចូលរួមទេ ដោយនិយាយថាលោកខ្លាចមានការចាប់ខ្លួនប្រសិនបើទៅចូលរួម។
សមាជិកនៃគណបក្សប្រឆាំង ដែលបានទៅចូលរួមក្នុងតុលាការ បានដាក់សម្ពាធលើអាជ្ញាធររៀបចំការបោះឆ្នោតឱ្យបញ្ចេញតួលេខសន្លឹកឆ្នោតរបស់ខ្លួន ហើយក្រុមចម្រុះ ធ្លាប់បាននិយាយថាខ្លួនមានតួលេខសន្លឹកឆ្នោតរបស់ខ្លួនរួចហើយ ដែលត្រូវបានរក្សាទុកដើម្បីសុវត្ថិភាព៕