កណ្ដាល ÷ មន្រ្តីជំនាញរបស់នាយខណ្ឌរដ្ឋបាលកណ្តាល និងគណៈបញ្ជាការឯកភាពស្រុកពញាឮខេត្តកណ្តាលនៅថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២៤នេះ បានដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើន ក្រោយឆ្មក់ចាប់បាននៅតាមដងទន្លេ តាមព្រែក និងបឹងនានា ស្ថិតនៅក្នុងទឹកដីស្រុកបញ្ញាឮ ខេត្តកណ្តាល។
ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយចុះប្រតិបត្តិការចាប់ និងបង្រ្កាប់បទល្មើសនេសាទខុសច្បាប់ពេញមួយថ្ងៃ នៅតាមឃុំមួយចំនួននៃស្រុកពញ្ញាឮ ខេត្តកណ្តាលនោះ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាលបានឲ្យដឹងថា បន្ទាប់ពីមានបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទឲ្យចាត់វិធានការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅរដូវបិទនេសាទនៅទូទាំងប្រទេស និងមានការចង្អុលបង្ហាញពីអភិបាលនៃគណៈអភិបាលខេត្តកណ្តាលនោះ នៅថ្ងៃនេះ មន្រ្តីជំនាញរបស់លោក បានសហការគ្នាជាមួយគណៈបញ្ជាការរដ្ឋបាលស្រុកពញាឮ ដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុក និងលោក ថោ ឡូ នាយអធិការដ្ឋានជលផលចតុមុខ បានរឹបអូស ឧបករណ៍ខុសច្បាប់ជាច្រើនមកកម្ទេចចោលភ្លាមៗនៅនឹងកន្លែងដែលបានចុះប្រតិបត្តិការនេះតែម្តង។
លោកបានបញ្ជាក់ថា ក្រោយប្រតិបត្តិការក្រុមសមត្ថកិច្ចចម្រុះរឹបអូសស្បៃមុខ ទាំងក្រឡាតូច និងក្រឡាធំរាប់ពាន់ម៉ែត្រ បង្គោលឈើ និងឧបករណ៍ខុសច្បាប់ជាច្រើនទៀត។ លោកបន្ថែមទៀតថា ជាមួយនឹងការរឹបអូសនូវឧបករណ៍ខុសច្បាប់ទាំងនោះយកទៅដុតបំផ្លាញចោលហើយ ក្រុមប្រតិបត្តិការ ក៏បានធ្វើការប្រលែងកូនត្រីតូចៗរាប់រយគីឡូទៅក្នុងទន្លេ និងបឹងវិញផងដែរ។
បើតាមលោក ហេង សុភារិទ្ធ បានឲ្យដឹងផងដែរថា ប្រតិបត្តិការចុះបង្រ្កាបនេះ គឺមិនមែនធ្វើតែមួយ ថ្ងៃនោះទេ ពោលគឺនឹងធ្វើឲ្យដូចជាភ្លៀងរលឹម ដើម្បីអភិរក្សពូជត្រី ជាពិសេសគឺពេលរដូវបិទនេសាទនេះតែ ម្តង។ លោកបន្តថា អាជ្ញាធរនឹងគ្មានការលើកលែង និងអត់ឱនឲ្យទៀតនោះឡើយ ប្រសិនបើពេលចុះប្រតិ បត្តិការឃើញនូវបទល្មើសនេសាទទាំងនោះ ហើយក្នុងនាមលោកជានាយខណ្ឌរដ្ឋបាលលោកក៏សូមអំពាវ នាវដល់បងប្អូនប្រជានេសាទទាំងអស់មេត្តាជួយសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់នូវឧបករណ៍នេសាទខុសច្បាប់នេះឲ្យអស់ ដើម្បីផលប្រយោជន៍រួមទាំអស់គ្នានោះ៕
អត្ថបទបាន ចក់













