នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យថាចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅឯកន្លែងចាក់សំរាមដ៏ធំនៅក្នុងរដ្ឋធានី កំប៉ាឡា (Kampala) ប្រទេសអ៊ូហ្គង់ដា បានកើនឡើងដល់ ២១ នាក់ហើយ ខណៈក្រុមអ្នកជួយសង្គ្រោះបានបន្តជីកកកាយតាមរកអ្នកនៅរស់រានមានជីវិត។

បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គំនរសំរាមដ៏ធំនៅកន្លែងចាក់សំរាមតែមួយគត់របស់ទីក្រុងនេះ បានបាក់រលំកាលពីល្ងាចថ្ងៃសុក្រកប់ផ្ទះសម្បែងនៅក្បែរនោះ ស្របពេលអ្នកស្រុកកំពុងលង់លក់។

លោកប្រធានាធិបតី យ៉ូវ៉េរី មូសេវ៉េនី (Yoweri Museveni) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានបញ្ជាឱ្យនាយករដ្ឋមន្ត្រីសម្របសម្រួលការនាំអ្នកដែលរស់នៅក្បែរកន្លែងចាក់សំរាមចេញ
រដ្ឋាភិបាលក៏បានចាប់ផ្ដើមការស៊ើបអង្កេតផងដែរពីមូលហេតុនាំឲ្យមានបំណាក់ដីនៅកន្លែងចាក់សំរាមនោះ។
អ្នកនាំពាក្យនគរបាលលោក ផាទ្រីក អូយ៉ានហ្គោ (Patrick Onyango) បាននិយាយថា មនុស្សយ៉ាងហោចណាស់១៤ នាក់ត្រូវបានជួយសង្គ្រោះ ហើយមនុស្សជាច្រើននាក់ទៀតនៅតែអាចជាប់នៅទីនោះ ប៉ុន្តែចំនួនអ្នកជាប់ខ្លួន នៅមិនទាន់ដឹងនៅឡើយ៕