'អ្នកស្រុកនៅភូមិ វ៉ាណាវ៉ាស (Varnavas) ចម្ងាយ ៣៥គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងអាថែន របស់ប្រទេសក្រិក បាននាំគ្នាភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេកាលពីថ្ងៃអាទិត្យ (១១ សីហា) ខណៈចំហេះព្រៃ កំពុងឆាបឆេះយ៉ាងលឿននៅខាងក្រៅរដ្ឋធានីក្រិកមួយនេះ ដែលជំរុញដោយអាកាសធាតុក្តៅខ្លាំង និងខ្យល់បោកបក់ បានឆាបឆេះដើមឈើ ផ្ទះសម្បែង និងរថយន្ត ហើយបានបញ្ជូនផ្សែងយ៉ាងខ្មួលខ្មាញ់ទៅពាសពេញលើទីក្រុង។

អ្នកពន្លត់អគ្គិភ័យជាង ៤០០នាក់ គាំទ្រដោយយន្តហោះទម្លាក់គ្រាប់បែកទឹក ១៦គ្រឿង និងឧទ្ធម្ភាគចក្រ ១៣គ្រឿង បានប្រយុទ្ធនឹងអណ្តាតភ្លើងដែលបានឆាបឆេះនៅវេលាម៉ោង ៣រសៀល (ម៉ោងក្នុងស្រុក) ហើយបានឆេះយ៉ាងលឿនទៅដល់ភូមិ Varnavas។ នៅពេលយប់ យន្តហោះពន្លត់អគ្គិភ័យបានឈប់ប្រតិបត្តិការរហូតដល់ព្រឹក ហើយអណ្ដាតភ្លើងបានធ្វើឱ្យផ្ទៃមេឃក្លាយជាពណ៌លឿងទុំ។

អ្នកនាំពាក្យកងពន្លត់អគ្គិភ័យ បាននិយាយថា «ស្ថានភាពនៅតែមានគ្រោះថ្នាក់ ដោយសារភ្លើងកំពុងរាលដាលយ៉ាងលឿន «ដូចផ្លេកបន្ទោរ» រវាងតំបន់លំនៅដ្ឋាន ដោយសារតែខ្យល់បក់បោកខ្លាំង។ អណ្ដាតភ្លើងមានកម្ពស់ប្រហែល ២៥ម៉ែត្រ បានលេបត្របាក់ដើមឈើ និងព្រៃឈើនៅជុំវិញនោះ»។

ភូមិ Varnavas គឺជាតំបន់ដែលមានប្រជាជនតិចប៉ុណ្ណោះប្រហែល ១.៨០០នាក់ នេះបើយោងតាមជំរឿនចុងក្រោយបង្អស់។ ចំហេះព្រៃរាប់រយកន្លែងបានផ្ទុះឡើងនៅទូទាំងប្រទេសក្រិក តាំងពីខែឧសភាមក ហើយអ្នកវិទ្យាសាស្ត្រសន្មតថាភាពញឹកញាប់ និងខ្លាំងក្លារបស់ចំហេះ ដោយសារលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតកាន់តែខ្លាំងឡើងពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ៕