ប្រជាជនប៉ាឡេស្ទីនបានបន្តភៀសខ្លួនចេញពីទីក្រុងសំខាន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ (១១ សីហា) ខណៈកងកម្លាំងអ៊ីស្រាអែល បានព្រមានអំពីប្រតិបត្តិការយោធាថ្មីមួយ មួយថ្ងៃបន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយនៅក្នុងសង្គ្រាមជាង ១០ខែ។

ការប្រយុទ្ធគ្នានៅតំបន់ហ៊ុមព័ទ្ធហ្កាហ្សា រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស បានធ្វើឱ្យភាពតានតឹងកើនឡើងពាសពេញតំបន់ រួមទាំងនៅតំបន់កាន់កាប់ វេសបែង (West Bank) ជាទីដែលក្រុមគ្រូពេទ្យនិយាយថា បុរសជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការបាញ់ប្រហារមួយ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បាននិយាយថា «ត្រឹមតែប៉ុន្មានថ្ងៃមុននេះ មនុស្សជាង ៧៥.០០០នាក់ បានរត់ភៀសខ្លួននៅភាគនិរតីនៃតំបន់ហ្កាហ្សា ដែលជាដែនដីមានប្រជាជនសរុបប្រហែល ២,៤លាននាក់»។

យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួន «ហៀបនឹងប្រតិបត្តិការប្រឆាំងនឹងអង្គការភេរវករនៅក្នុងតំបន់នោះ» ដោយអំពាវនាវឱ្យ «ប្រជាជនដែលនៅសេសសល់ក្នុងតំបន់លំនៅឋាន អាល់-ចាឡា (Al-Jalaa) ជម្លៀសចេញជាបណ្តោះអាសន្ន»៕