អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទ ទី១២ សីហា នេះថា ភាពអត់ការងារធ្វើរបស់យុវជនពិភពលោក គឺស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ ទោះបីជាតំបន់ទាំងអស់ នៅមិនទាន់បានស្តារឡើងវិញពីការធ្លាក់ចុះដោយសារជំងឺ COVID-19 ក៏ដោយ។

ទីភ្នាក់ងារការងាររបស់អង្គការសហប្រជាជាតិ បាននិយាយថា ចំនួនយុវជនអាយុពី១៥ទៅ២៤ ឆ្នាំដែលពុំមានការងារ ការសិក្សាអប់រំ ឬការបណ្តុះបណ្តាល កំពុងគួរឲ្យព្រួយបារម្ភ ហើយការស្តារឡើងវិញក្រោយការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានលក្ខណៈជាសកលនៅគ្រប់តំបន់ទាំងអស់នៅឡើយ។

អង្គការពលកម្មអន្តរជាតិ(ILO) បាននិយាយថា «យុវជនក្នុងតំបន់មួយចំនួន និងស្ត្រីវ័យក្មេងជាច្រើន ពុំបានឃើញពីអត្ថប្រយោជន៍នៃការងើបឡើងវិញនៃសេដ្ឋកិច្ចនោះទេ»។
អង្គការ ILO និយាយថា ៦៤,៩លាននាក់ ជាចំនួនសរុបនៃយុវជនដែលគ្មានការងារធ្វើនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៣ គឺជាកម្រិតទាបបំផុត ចាប់តាំងពីការចាប់ផ្តើមនៃសហស្សវត្សរ៍មក។
អង្គការនេះនិយាយថា ១៣ភាគរយ ជាអត្រាគ្មានការងារធ្វើរបស់យុវជនកាលពីឆ្នាំមុន ដែលបង្ហាញថាជាកម្រិតទាបក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ និងជាការធ្លាក់ចុះពីអត្រាមុនជំងឺរាតត្បាតដែលមានចំនួន១៣,៨ភាគរយក្នុងឆ្នាំ២០១៩ ហើយវាត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតដល់១២,៨ ភាគរយ នៅឆ្នាំនេះ និងឆ្នាំបន្ទាប់។