ព្រះអាទិត្យហៀបនឹងលិចនៅក្នុងការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ឆ្នាំ២០២៤ ជាសញ្ញាថា ព្រឹត្តិការណ៍ពិភពលោកមួយនេះបានឈានដល់ទីបញ្ចប់ហើយ។

ពិធីបិទរួមមានការសម្ដែងដោយតារាចម្រៀងអាមេរិក នាង ប៊ីលលី អៃលីស(Billie Eilish) តារាចម្រៀងរ៉ក់អាមេរិក លោក Red Hot Chili Peppers តារារ៉េប អាមេរិកស្បែកខ្មៅ លោក Snoop Dogg ព្រមទាំងតារាហូលីវ៉ូដ លោក Tom Cruise តំណាងឲ្យសិល្បៈករទាំងអស់មកពីរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក ដើម្បីអបអរសាទរចំពោះព្រឹត្តិការណ៍ប្រកួតកីឡារដូវក្តៅបន្ទាប់នៃទីក្រុង Los Angeles នៅឆ្នាំ២០២៨ ។

អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានក្លាយជាអភិបាលក្រុងស្ត្រីស្បែកខ្មៅដំបូងគេដែលទទួលបានទង់ជាតិអូឡាំពិក។ លោកស្រីបានទទួលស្គាល់ថាទីក្រុងប៉ារីសបានកំណត់ស្តង់ដារខ្ពស់ ប៉ុន្តែបានបង្ហាញទំនុកចិត្តថាទីក្រុងរបស់លោកស្រីនឹងបង្ហាញថាខ្លួនជាអ្នកស្នងតំណែងដ៏សក្តិសមសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិក។
ក្រុមអ្នកគាំទ្រអូឡាំពិករាប់ពាន់នាក់បានចូលរួមអបអរនៅខាងក្រៅកីឡដ្ឋាន Stade de France មុននឹងការសម្ដែង២ម៉ោងកន្លះ ។
ព្រឹត្តិការណ៍កីឡាដ៏ធំរបស់ពិភពលោកបានមកដល់ទីបញ្ចប់ រយៈពេល ២ សប្តាហ៍ដែលបានឃើញសហរដ្ឋអាមេរិក និងចិនដណ្តើមបានតំណែងកំពូលក្នុងតារាងមេដាយរហូតដល់ព្រឹត្តិការណ៍ចុងក្រោយ៕