ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា លោកនឹងធ្វើយុទ្ធនាការសម្រាប់បេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ក្នុងរដ្ឋផេនស៊ីលវ៉ានៀ ជារដ្ឋសំខាន់នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ខាងមុខនេះ។

លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ CBS ជាលើកដំបូងរបស់លោក ចាប់តាំងពីបានប្រកាសកាលពីចុងខែកក្កដាថា លោកនឹងដកខ្លួនចេញពីការប្រកួតប្រជែងជាមួយបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump ជុំវិញការព្រួយបារម្ភអំពីអនាគតនៃលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។

លោកស្រី Harris បាននាំមុខលោក Trump បួនពិន្ទុ នីមួយៗនៅរដ្ឋ ផេនស៊ីលវ៉ានៀ និងរដ្ឋសំខាន់ពីរផ្សេងទៀត គឺរដ្ឋ Wisconsin និងរដ្ឋ Michigan នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន New York Times និង Siena College ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ នៅពេលដែលត្រូវបានសួរថាតើលោកនឹងធ្វើយុទ្ធនាការសម្រាប់ លោកស្រី Harris ដែរឬទេ លោក Biden បានឆ្លើយថា «ពិតណាស់» ។
លោក Biden បាននិយាយថាលោក និងអភិបាលរដ្ឋ Pennsylvania លោក Josh Shapiro កំពុងរួមគ្នាធ្វើយុទ្ធនាការយុទ្ធនាការនៅរដ្ឋ Pennsylvania។ លោកនឹងធ្វើយុទ្ធនាការនៅក្នុងរដ្ឋផ្សេងទៀតផងដែរ ហើយលោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលលោកស្រី Kamala គិតថាលោកអាចធ្វើបាន ដើម្បីជួយបានច្រើនតាមដែលអាចធ្វើទៅបាន។
សេតវិមានបាននិយាយកាលពីសប្តាហ៍មុនថា លោក Biden និងលោកស្រី Harris បានកំណត់ពេលបង្ហាញខ្លួនរួមគ្នា នៅក្នុងរដ្ឋ Maryland នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សពីវឌ្ឍនភាពដែលកំពុងធ្វើ ឲ្យតម្លៃទំនិញធ្លាក់ចុះ សម្រាប់ប្រជាជនអាមេរិក។
លោកស្រី Harris ដែលបានក្លាយជាបេក្ខជនប្រធានាធិបតីផ្លូវការរបស់គណបក្សប្រជាធិបតេយ្យកាលពីសប្តាហ៍មុន បាននិយាយថា លោកស្រីមានផែនការបង្ហាញជំហរគោលនយោបាយរបស់លោកស្រី នៅក្នុងសប្តាហ៍ខាងមុខនេះ។