ទាហានពីរនាក់របស់កងទ័ពឥណ្ឌា និងពលរដ្ឋម្នាក់ នៅក្នុងតំបន់កាស្មៀរប្រទេសឥណ្ឌា ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងក្រុមសកម្មប្រយុទ្ធ និងកងកម្លាំងសន្តិសុខ នៅក្នុងស្រុក Anantnag។

ប្រតិបត្តិការស្វែងរកមួយកំពុងត្រូវបានអនុវត្តនៅក្នុងស្រុកនេះ នៅពេលដែលកងកម្លាំងសន្តិសុខ បានប្រទះឃើញចលនារបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ ដែលនាំឱ្យមានការបាញ់តគ្នាដោយហិង្សារវាងក្រុមទាំងពីរ។

កងទ័ពនិយាយថា «គេអាចសន្និដ្ឋានបានថា ក្រុមសកម្មប្រយុទ្ធមានគ្នា ៣ ទៅ ៤ នាក់។ កងកម្លាំងសន្តិសុខ បាននិងកំពុងស៊ើបអង្កេតបន្ថែមទៀតដើម្បីកំណត់ពីតួនាទី និងការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការវាយប្រហារ។
តំបន់នេះ បានឃើញការវាយប្រហារជាច្រើនលើក ចាប់តាំងពីថ្ងៃទី ០៩ ខែមិថុនា នៅពេលដែលក្រុមសកម្មប្រយុទ្ធ បានបើកការបាញ់ប្រហារទៅលើរថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រាសាសនាហិណ្ឌូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និងរបួសជាច្រើននាក់។
តំបន់ភ្នំហិម៉ាឡៃ ដែលប៉ាគីស្ថានអះអាងសិទ្ធផងដែរនោះ បានផ្ទុះឡើងអំពើហឹង្សារបស់ក្រុមសកម្មប្រយុទ្ធ ចាប់តាំងពីការចាប់ផ្តើមការបះបោរប្រឆាំងប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៨៩។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ទោះបីជាអំពើហិង្សាបានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។