មេដឹកនាំបក្សប្រឆាំងធំរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Maria Corina Machado បានអំពាវនាវកាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា សម្រាប់ការធ្វើបាតុកម្មទ្រង់ទ្រាយធំជាសាកល ដើម្បីប្រជែងទៅនឹងលទ្ធផលនៃការបោះឆ្នោតដែលមានភាពចម្រូងចម្រាស់របស់ប្រទេស។

នៅក្នុងវីដេអូមួយនៅលើគណនីបណ្តាញ X លោកស្រី Machado បានអំពាវនាវឱ្យប្រជាជនវ៉េណេស៊ុយអេឡា នៅក្នុងប្រទេស និងនៅជុំវិញពិភពលោក រៀបចំ និងចេញធ្វើបាតុកម្មដើម្បីទាមទារឲ្យ «ពិភពលោកគាំទ្រដល់ជ័យជំនះរបស់បេក្ខជនខ្លួន និងទទួលស្គាល់ការពិត និងអធិបតេយ្យភាពដែលមានការគាំទ្រ» នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា។

ប្រធានាធិបតី លោក Nicolas Maduro បានទទួលជ័យជម្នះ ៥១% នៅក្នុងការបោះឆ្នោតកាលពីខែមុន ខណៈគណបក្សប្រឆាំងនយោបាយអះអាងថាបេក្ខជនរបស់ខ្លួន បានឈ្នះដោយទទួលបានសំឡេងរាប់លាន។
អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា នៅមិនទាន់បញ្ចេញចំនួនសរុបនៃសន្លឹកឆ្នោតលម្អិតនៅឡើយទេ។ ការអំពាវនាវរបស់លោកស្រី Machado ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់តុលាការកំពូលប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ទី១០ សីហា ថាតុលាការ មិនបានទទួលភស្តុតាងពីក្រុមចម្រុះគណបក្សប្រឆាំង ទាក់ទងទៅនឹងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៨ ខែកក្កដា ដែលមានជម្លោះនោះទេ។
តុលាការបានព្រមានថា ការសម្រេចរបស់ខ្លួន ក្នុងការកំណត់អ្នកទទួលជ័យជម្នះនឹងត្រូវបញ្ចប់។ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលមានភាពចម្រូងចម្រាស់ កងកម្លាំងសន្តិសុខប្រទេសវេណេស៊ុយអេឡា បានបើកការបង្ក្រាបលើអ្វីដែលអាជ្ញាធរនិយាយថាជាឧក្រិដ្ឋជនហិង្សា និង បានចាប់ខ្លួនមនុស្សជាង២.០០០នាក់។ ក្រុមតស៊ូមតិ និយាយថា អ្នកដែលត្រូវបានចាប់ខ្លួនគឺជាបាតុករសន្តិវិធី ដែលត្រូវបានគេកំណត់គោលដៅសម្រាប់ការគាបសង្កត់។