សារព័ត៌មាននយោបាយរបស់សហរដ្ឋអាមេរិក និយាយថា សម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់អ៊ុយក្រែន មិនទំនងជាដាក់សម្ពាធលើទីក្រុងគីវ ឱ្យដាក់កម្រិតលើការប្រើប្រាស់អាវុធ ដែលពួកគេបានផ្គត់ផ្គង់ដល់ប្រទេសនេះនោះទេ នៅក្នុងការវាយលុកឆ្លងព្រំដែនដែលកំពុងបន្តចូលទៅក្នុងប្រទេសរុស្ស៊ី។

អត្ថបទនិយាយថា «ខណៈអ៊ុយក្រែន ពង្រីកការវាយប្រហាររបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី វាពុំមានសញ្ញាណាមួយដែលថា សម្ព័ន្ធមិត្តលោកខាងលិចដែលស្ទាក់ស្ទើររបស់ប្រទេសនេះ កំពុងដាក់សម្ពាធលើទីក្រុងគីវ ដើម្បីឲ្យបន្ធូរបន្ថយឡើយ។ កន្លងមក សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត បានអំពាវនាវឱ្យអ៊ុយក្រែន កំណត់ការប្រើប្រាស់អាវុធដែលផលិតដោយប្រទេសលោកខាងលិចក្នុងគោលបំណងដែលបានកំណត់រួច ប្រសិនបើយោធារបស់ខ្លួនបាញ់គ្រាប់រំសេវ ដើម្បីវាយប្រហារគោលដៅនានានៅក្នុងទឹកដីរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញរថពាសដែកចំនួន៤គ្រឿង រួមទាំងរថពាសដែកចំនួន៣គ្រឿងផលិតដោយសហរដ្ឋអាមេរិក ព្រមទាំងយានយន្តប្រយុទ្ធចំនួន៧គ្រឿង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីទប់ទល់ការវាយលុករបស់អ៊ុយក្រែន។
ធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោក កំពុងបង្ហាញថា ខ្លួនពិតជាដឹងពីរបៀបដើម្បីស្ដារយុត្តិធម៌ និងធានាបានយ៉ាងពិតប្រាកដ នូវប្រភេទនៃសម្ពាធដែលដាក់ទៅលើអ្នកឈ្លានពាន។
ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ី បានបង្កើនការវាយលុករបស់ខ្លួនទៅលើភាគខាងកើត និងផ្នែកផ្សេងទៀតរបស់អ៊ុយក្រែន។ កងទ័ពអាកាសអ៊ុយក្រែន និយាយថា រុស្ស៊ីបានកំណត់គោលដៅលើអ៊ុយក្រែនជាមួយនឹងមីស៊ីលបាលីស្ទីករយៈចម្ងាយជិត និងយានដ្រូន កាលពីពេលយប់ចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ អង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា បុរសអាយុ៣៥ឆ្នាំម្នាក់ និងកូនប្រុសអាយុ៤ឆ្នាំរបស់លោក ត្រូវបានគេរកឃើញស្លាប់នៅក្រោមគំនរបាក់បែកនៃអគារដែលត្រូវបានវាយប្រហារដោយបំណែករ៉ូកែតរបស់រុស្ស៊ី។
លោក Zelenskyy បាននិយាយនៅក្នុងសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ព័ត៌មានបឋមបង្ហាញថា កងកម្លាំងរុស្ស៊ី បានប្រើប្រាស់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ក្នុងការវាយប្រហារ។