ភ្នំពេញ៖ លោក ជិន ប៊ុនធឿន នាយកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលទេយ្យទានពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម, នារសៀលថ្ងៃទី២៨ កញ្ញា ២០២០នេះ។
សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល មានព្រះថេរដីកាថា សម្តេចតែងតែគាំទ្រជានិច្ច និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់សាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងពិធីប្រគល់-ទទួល លោក ជិន ប៊ុនធឿន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យពោរពេញដោយមនុស្សធម៌របស់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីការចូលរួមចំណែករបស់វិស័យព្រះពុទ្ធសាសនា ក្នុងអាណាចក្រ និងពុទ្ធចក្រ បានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពមនុស្សធម៌នានា ជាពិសេសជាមួយវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតជាមាតាមនុស្សធម៌ ដែលទីណាជួបការលំបាក ទីនោះមានអ្នកម្តាយមនុស្សធម៌។
ហើយទេយ្យទាន ដែលសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលនៅថ្ងៃនេះ នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ សម្រាប់ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះពិតប្រាកដ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ហើយសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៀតសោត គឺគោរពតាមគោលការណ៍គ្រឹះទាំង០៧ របស់ចលនាកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម និងតាមការចង្អុលបង្ហាញ ជាប្រចាំពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕ អត្ថបទ៖ រដ្ឋា


