ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទ (១២ សីហា) នេះបានជម្លៀសផ្នែកខ្លះនៃតំបន់មួយផ្សេងទៀតនៅជាប់នឹងអ៊ុយក្រែន បន្ទាប់ពីទីក្រុងគីវ បានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំងក្លានៅជិតព្រំដែន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការលុកលុយដ៏ធំបំផុតរបស់ខ្លួនចូលទៅក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមក្នុងឆ្នាំ២០២២មក។

កងកម្លាំងអ៊ុយក្រែន បានវាយលុកតាមព្រំដែនរុស្ស៊ី កាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍មុន ហើយបានវាយលុកពាសពេញផ្នែកខាងលិចមួយចំនួននៃតំបន់ ឃើស្ក៍ (Kursk) របស់រុស្ស៊ី ដែលជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយអាចមានគោលបំណងដើម្បីទទួលបានឥទ្ធិពលនៅក្នុងការចរចាបទឈប់បាញ់ដែលអាចកើតមាន បន្ទាប់ពីការបោះឆ្នោតសហរដ្ឋអាមេរិក។

រុស្ស៊ី កាលពីថ្ងៃអាទិត្យ បានប្រតិបត្តិការយ៉ាងសស្រាក់សស្រាំដើម្បីនាំយកស្ថិរភាពនៅសមរភូមិមុខនៅក្នុងតំបន់ Kursk ខណៈអ៊ុយក្រែន នៅតែបន្តប្រយុទ្ធលើទឹកដីរុស្ស៊ី នៅថ្ងៃចន្ទនេះនេះ បើយោងតាមអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី។

នៅតំបន់ បែលហ្គោរ៉ូដ (Belgorod) ជិតខាងនៅភាគខាងត្បូង អភិបាលតំបន់ លោក វីយ៉ាឆេស្លាវ គ្លាដខូវ (Vyacheslav Gladkov) បាននិយាយថា ការជម្លៀសបានចាប់ផ្តើមចេញពីស្រុក ក្រាស្នាយ៉ា យ៉ារូហ្កា (Krasnaya Yaruga) ដោយសារតែ «សកម្មភាពរបស់សត្រូវនៅតាមព្រំដែន»។
ការវាយប្រហាររបស់អ៊ុយក្រែនយ៉ាងក្លាហានលើទឹកដីអធិបតេយ្យភាពរបស់រុស្ស៊ី ជាការបង្ហាញដល់អ្នកគាំទ្រលោកខាងលិចរបស់ខ្លួនថា ទីក្រុងគីវ នៅតែអាចប្រមូលផ្តុំប្រតិបត្តិការយោធាសំខាន់ៗ ខណៈកំពុងព្យាយាមរកអ្វីជាថ្នូរចរចា មុនពេលលទ្ធភាពនៃកិច្ចចរចាបទឈប់បាញ់៕