អ្នកជំនាញជាច្រើនបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍សកលចិន (CGTN) កាលពីថ្ងៃអាទិត្យ (១១ សីហា) ថា ភាពចលាចលថ្មីៗនេះនៅក្នុងចក្រភពអង់គ្លេស បានបង្ហាញពីការខ្វែងគំនិតក្នុងសង្គមយ៉ាងជ្រាលជ្រៅ និងឥទ្ធិពលនៃលទ្ធិជ្រុលនិយមរបស់ក្រុមស្ដាំនិយមជ្រុល។ ចាប់តាំងពីការវាយប្រហារដោយកាំបិតកាលពីចុងខែកក្កដា នៅក្រុង សៅផត (Southport) ភាគពាយព្យនៃដែនដីអង់គ្លេសបណ្តាលឱ្យកុមារបីនាក់ស្លាប់មក ការតវ៉ាស្តាំនិយមជ្រុលបានអង្រួនចក្រភពអង់គ្លេស ដែលនាំឱ្យមានការចាប់ខ្លួន និងចោទប្រកាន់ផ្លូវច្បាប់រាប់រយនាក់។

លោក រ៉ជើ ហ្រ្គីហ្វីន (Roger Griffin) សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រទំនើបនៅសាកលវិទ្យាល័យ អកស៍ហ្វត ប្រូកស៍ (Oxford Brookes) បានសង្កត់ធ្ងន់ថា ឫសគល់នៃកុបកម្មគឺស្មុគស្មាញ។ អ្នកដែលជាប់ពាក់ព័ន្ធក្នុងកុបកម្មជាច្រើនមានអារម្មណ៍ថាត្រូវគេបោះបង់នៅក្នុងសង្គមអស់រយៈពេលជាយូរ ដូច្នេះហើយងាយរងឥទ្ធិពល និងឧបាយកលពីកម្លាំងស្តាំនិយមជ្រុល។

នៅក្នុងបទសម្ភាសន៍ លោក ធីម បេល (Tim Bale) សាស្ត្រាចារ្យផ្នែកនយោបាយនៃសាលានយោបាយ និងទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យឃ្វីនម៉ារី (Queen Mar)y នៃទីក្រុងឡុងដ៍្រ បាននិយាយថា ក្រុមស្ដាំនិយមជ្រុលបានឆ្លៀតយកឱកាសលើការខ្វល់ខ្វាយពីវប្បធម៌ និងមនោសញ្ចេតនាប្រឆាំងនឹងជនអន្តោប្រវេសន៍នៃវណ្ណៈកម្មករស្បែកស ដើម្បីបង្កការបែកបាក់ក្នុងសង្គមអង់គ្លេសបន្ថែមទៀត។

លោក ដាល បាប៊ូ (Dal Babu) អតីតប្រធាននគរបាលក្នុងតំបន់ បានលើកឡើងពីបញ្ហានៃការផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិតនៅក្នុងសង្គមចក្រភពអង់គ្លេស ដែលត្រូវបានប្រើប្រាស់ដោយក្រុមស្ដាំនិយមជ្រុល ដើម្បីបង្កើនភាពអវិជ្ជមានរបស់ប្រជាជនមូស្លីម និងប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួន៕