លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា បានអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺកាន់តែធ្វើឲ្យព្រំដែន នៃប្រទេសកម្ពុជា មានភាពរឹងមាំ និងទប់ស្កាត់រំហូរអន្តរប្រវេសន៍ខុសច្បាប់ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV លោក សួន សេរីរដ្ឋា បានលើកឡើងថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ គឺសម្ដេចតេជោ មានគំនិតអភិវឌ្ឍន៍ ដើម្បីការពារព្រំដែន បើកកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ឡាវ-វៀតណាម ដែលជាការអភិវឌ្ឍថ្នាក់អនុតំបន់មួយ ដោយផ្អែកតាមក្របខណ្ឌអាស៊ាន អត់មានផលប៉ះពាល់អ្វីទាំងអស់ គឺបានយកច្បាប់អន្តោប្រវេសន៍ជាតិ និងអន្តរជាតិមកអនុវត្តន៍ ដើម្បីធានាឲ្យមានសន្តិភាព និងមានការអភិវឌ្ឍ ។
លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គ្មានការដាក់ខេត្តទាំង៤របស់កម្ពុជា ស្ថិតក្រោមការគ្រប់គ្រងនៃប្រទេសទាំង៣រួមគ្នាទេ ព្រោះខេត្តទាំង៤ មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដូចនេះកម្ពុជា មានសិទ្ធិគ្រប់គ្រង ខណៈខេត្តទាំងប៉ុន្មាន ដែលប្រទេសឡាវ និងប្រទេសវៀតណាម ដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការនេះ គឺគេគ្រប់គ្រងដោយខ្លួនគេ ហើយការលើកឡើងពីក្រុមជ្រុលនិយម ពីក្រុមប្រឆាំងនោះ ថាមានការដាក់ខេត្តគ្រប់គ្រងរួមគ្នា គឺជារបៀប វារៈនៃការចោទប្រកាន់ទៅលើរាជរដ្ឋាភិបាល និងជាការយល់ខុសទាំងស្រុង។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ជាគំនិតផ្តួចផ្តើមដំបូងរបស់ កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន កម្ពុជា ឡាវ វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ ។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕ អត្ថបទ បាន សុខរិទ្ធិ
