យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពប្រតិបត្តិសម្រាប់ការគ្រប់គ្រងជំរំជនភៀសខ្លួននៅក្នុងប្រទេសយេម៉ែន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសយេម៉ែនបានកើនឡើងដល់៦១នាក់ កាលពីថ្ងៃអាទិត្យ។
អង្គភាព បាននិយាយថា អ្នកស្លាប់និងរងរបួសចុងក្រោយ ត្រូវបានរាយការណ៍នៅក្នុងខេត្ត Marib ភាគឦសានរបស់ប្រទេស ជាកន្លែងដែលជនភៀសខ្លួន៤នាក់ បានស្លាប់និង២០នាក់ផ្សេងទៀតបានរងរបួសដោយសារតែអាកាសធាតុមិនអំណោយផលខ្លាំង។
អង្គភាពដដែលនិយាយថា គ្រួសារជម្លៀសខ្លួនជាង៧.០០០គ្រួសារ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ខ្យល់ខ្លាំង និងរន្ទះ នៅខេត្ត Marib។ សេចក្តីថ្លែងការណ៍និយាយថា ប្រជាជន ២.៩៧៣គ្រួសារ បានរងផលប៉ះពាល់ទាំងស្រុង ខណៈ ៤,២០៦គ្រួសារ បានរងផលប៉ះពាល់ដោយផ្នែក នៅទូទាំងជំរំចំនួន ៤១កន្លែង និងទីតាំងនៃជនភៀសខ្លួនខាងក្នុងប្រទេស នៅក្នុងខេត្ត Marib ។ ទឹកជំនន់ធ្ងន់ធ្ងរ នៅប្រទេសយេម៉ែន បានបង្កការបំផ្លិចបំផ្លាញរាលដាលខ្លាំង។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ក្នុងប្រទេសយេម៉ែន បានឲ្យដឹងថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំង បានប៉ះពាល់ដល់គ្រួសារចំនួន ៣៤.២៦០គ្រួសារ ដោយជនភៀសខ្លួន ទទួលរងផលប៉ះពាល់ខ្លាំង។
ខណៈស្ថានការណ៍កាន់តែធ្ងន់ធ្ងរ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសយេម៉ែន បានចេញការព្រមានដល់ប្រជាជននៅទូទាំងប្រទេស ដោយជំរុញឱ្យពួកគេបញ្ចៀសផ្លូវទឹក និងអនុវត្តការប្រុងប្រយ័ត្នខ្ពស់។ មជ្ឈមណ្ឌល បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ ទឹកជំនន់ និងខ្យល់បក់ខ្លាំង ជាពិសេសនៅតំបន់ខ្ពង់រាប និងនៅភាគខាងលិច និងភាគខាងត្បូងរបស់ប្រទេស។
រដ្ឋាភិបាលយេម៉ែន បានអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិ ដើម្បីជួយដោះស្រាយការបំផ្លាញដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ កាលពីពេលថ្មីៗនេះ។