ទីភ្នាក់ងារផ្គត់ផ្គង់សព្វាវុធរបស់រដ្ឋ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានសាកល្បងដាក់ពង្រាយមនុស្សយន្តដែលមានជើងច្រើន ដោយត្រូវបានផលិតឡើងសម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្ម ជាផ្នែកមួយនៃការជំរុញដើម្បីណែនាំបច្ចេកវិទ្យាទំនើបដល់យោធា។
រដ្ឋបាលកម្មវិធីផ្គត់ផង់ផែ្នកការការពារ (DAPA) បានចាប់ផ្តើមគម្រោងនេះ ក្នុងខែសីហា ឆ្នាំ ២០២២ ដើម្បីអភិវឌ្ឍន៍មនុស្សយន្ត ដែលអាចពិនិត្យមើលការគំរាមកំហែងនៅតាមអគារនានា ក្នុងស្ថានភាពភេរវកម្ម មុនពេលកងទ័ព ត្រូវបានដាក់ពង្រាយ។
កងទ័ព បានទទួលមនុស្សយន្ត កាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីដំណើរការសាកល្បងរយៈពេល ៦ខែ ក្នុងការកំណត់ថាតើវាស័ក្តិសមសម្រាប់ប្រតិបត្តិការដែរឬទេ។ ទីបញ្ជាការសង្គ្រាមពិសេសរបស់កងទ័ព និងកងពលទាហានជួរមុខ នឹងវាយតម្លៃការអនុវត្ត និងសមត្ថភាពរបស់មនុស្សយន្តនេះ។
យោងតាមរដ្ឋបាលកម្មវិធីផ្គត់ផង់ផែ្នកការការពារ (DAPA) បានឲ្យដឹងថា មនុស្សយន្តជើង៤នេះ អាចផ្លាស់ទីក្នុងល្បឿនលើសពី ៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចយកឈ្នះលើឧបសគ្គផ្សេងៗ ដូចជាបោះជំហានបានកម្ពស់ ២០សង់ទីម៉ែត្រ។
មនុស្សយន្តនេះ ក៏ត្រូវបានបំពាក់ដោយកាមេរ៉ា ដើម្បីបំពេញបេសកកម្មឈ្លបយកការណ៍ទាំងពេលថ្ងៃ និងពេលយប់ ហើយក៏អាចបំពាក់ជាមួយឧបករណ៍ប្រយុទ្ធផងដែរ ដូចជាកាំភ្លើងខ្លីដែលដំណើរការពីចម្ងាយ។