ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា កងទ័ពស៊ីរី បានធ្វើប្រតិបត្តិការជាបន្តបន្ទាប់សំដៅទៅលើទីតាំងសកម្មប្រយុទ្ធរបស់ក្រុមឧទ្ទាមនៅភាគខាងលិចទីក្រុង Aleppo, Idlib និងភាគខាងជើងទីក្រុង Hama ។
នៅទីក្រុង Aleppo កងកម្លាំងស៊ីរី បានវាយលុកទីស្នាក់ការកណ្តាលរបស់ក្រុមសកម្មប្រយុទ្ធនៅទីក្រុង Tadif និងទីក្រុង Kafr Amma ដោយបានបណ្តាលឲ្យមានអ្នករងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានគេរាយការណ៍ថា បានប្រមូលផ្តុំគ្នា ដើម្បីធ្វើផែនការវាយប្រហារលើទីតាំងយោធាស៊ីរី។
ក្នុងខេត្ត Idlib កងទ័ពបានស្ទាក់ចាប់ និងកម្ទេចយានដ្រូនអត្តឃាតចំនួន ៥គ្រឿង ដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធ។ នៅក្រុង Hama អង្គភាពស៊ីរី បានកំណត់គោលដៅ និងបំផ្លាញរថយន្តសកម្មប្រយុទ្ធជាច្រើនគ្រឿង។
សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមសកម្មប្រយុទ្ធឧទ្ទាម ជាពិសេសក្រុម Hayat Tahrir al-Sham (HTS) ដែលគ្រប់គ្រងផ្នែកសំខាន់ៗនៃខេត្ត Idlib ។
ស្ថានការណ៍នៅភាគខាងជើងប្រទេសស៊ីរី កាន់តែគ្រោះថ្នាក់ឡើង ដោយមានការបាញ់ប្រហារតគ្នាជាញឹកញាប់រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធឧទ្ទាម ក៏ដូចជាភាពតានតឹងថ្មីកាន់តែខ្លាំងឡើងរវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងកងកម្លាំងគាំទ្ររដ្ឋាភិបាលនៅភាគឦសានខេត្តHasakah។