ព្រះមហាក្សត្រ Abdullah II នៃហ្ស៊កដានី កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ជាថ្មីថា ហ្ស៊កដានី នឹងមិនក្លាយជាសមរភូមិប្រយុទ្ធសម្រាប់ភាគីណាមួយឡើយ ហើយនឹងមិនអត់ឱនចំពោះការគំរាមកំហែងណាមួយដល់អាយុជីវិតរបស់ប្រជាជនខ្លួនឡើយ។
ព្រះមហាក្សត្រ បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនៅទីក្រុងអាម៉ាន ( Amman) ជាមួយគណៈប្រតិភូនៃសភាសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំនេះ ព្រះមហាក្សត្រ បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងក្នុងតំបន់ និងឈានទៅរកភាពស្ងប់ស្ងាត់ពេញលេញ ដើម្បីទប់ស្កាត់កុំឲ្យ សង្គ្រាមពេញទំហឹង ក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គេហទំព័រ Royal Hashemite Court ។
ព្រះមហាក្សត្រ Abdullah បានថ្លែងថា តំបន់នេះ នឹងនៅតែងាយរងគ្រោះចំពោះការពង្រីកជម្លោះដែលគំរាមកំហែងដល់ស្ថិរភាពរបស់ខ្លួន ដរាបណាសង្រ្គាមនៅតំបន់ហ្កាហ្សា នៅតែបន្ត ដោយជំរុញឲ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបញ្ឈប់សង្គ្រាម តាមរយៈធ្វើឲ្យសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
ព្រះអង្គ បានព្រមានពីគ្រោះថ្នាក់នៃការវាយប្រហារអ្នកតាំងទីលំនៅជ្រុលនិយមប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់វេសបែង ក៏ដូចជាការរំលោភបំពានលើទីតាំងពិសិដ្ឋរបស់សាសនាឥស្លាម និងគ្រិស្តសាសនា នៅទីក្រុងហ្ស៊េរុយសាឡឹម។